ការងារស្ម័គ្រចិត្តជាការងារដែលជួយសង្គមកម្ពុជាឲ្យមានភាពរីកចំរើន

សារព័ត៌មាន​ Cambodia News/

ខេត្តស្ទឹងត្រែង ៖​ ក្នុងឱកាសជួបជុំសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា​ប្រមាណជាង៥០០នាក់នៅខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១១ ខែមីនា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា ការងារស្ម័គ្រចិត្ត ជាការងារមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ជាតិ និងសង្គមកម្ពុជាឲ្យមានភាពរីកចំរើន និងរឹងមាំ ដែលយើងទាំងអស់គ្នាត្រូវបន្តរួមគ្នាជាធ្លុងមួយសម្រេចការងារជួយសង្គមជាតិ ។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សកម្មភាពរបស់ ស.ស.យ.ក បើទោះបីជាមានសកម្មភាពផ្សេងៗខុសគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែជាការងារដែលជួយដល់សង្គមកម្ពុជាឲ្យមានភាពរីកចំរើន មិនថា ជាការងារបរិស្ថាន កីឡា វគ្គបណ្តុះបណ្តាលសិស្សត្រៀមប្រឡងថ្នាក់ ទី១២ ឬសកម្មភាពមនុស្សធម៌ ការបរិច្ចាកឈាម ការងារទាំងអស់នេះសុទ្ធតែជាការងារដែលយើងលះបង់ពេលវេលា និងផលប្រយោជន៍ខ្លួនឯង រួមគ្នាជាធ្លុងមួយជួយសង្គម ដើម្បីសម្រេចអ្វីដែលជាការងារផលប្រយោជន៍រួមជួយសង្គមជាតិ។

លោកប្រធានស.ស.យ.កបានបន្តថា បើទោះបីជាយើងមិនអាចចូលរួមសកម្មភាពការងារស្ម័គ្រចិត្តបានទាំងអស់ក៏ពិតមែន ប៉ុន្តែយើងបានសម្រេចចូលរួមសកម្មភាពមួយផ្នែកផ្សេងក្នុងកិច្ចការងារទាំងនេះទោះបីតិចឬក៏ច្រើនដែលយើងបានលះបង់ចូលរួមការងារស្ម័គ្រចិត្តនេះក៏ជាការងារជួយសង្គមជាតិ ។ ​

លោកបញ្ជាក់ថា សូមឲ្យយុវជនទាំងអស់ត្រូវចូលរួមកិច្ចការងារស្ម័គ្រចិត្តទាំងអស់គ្នា និងរៀនគិត រៀនធ្វើដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខជានិរន្ត៍ហើយសង្ឃឹមថា យុវជនកម្ពុជានឹងរួមគ្នាយ៉ាងសកម្មលើការងារស្ម័គ្រចិត្ត និងចូលរួមថែរក្សាអ្វីដែលមាន នៅថ្ងៃនេះឲ្យស្ថិតស្ថេរគង់វង្ស ដើម្បីកូនចៅរបស់យើងទាំងអស់គ្នា៕

Related Articles

Back to top button
Close
Close