ថ្ងៃ​នេះ​ខួបទី៣៤ឆ្នាំ នៃការដឹកនាំរបស់សម្តេច​តេជោ​ ហ៊ុន សែន នៅកម្ពុជា

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ ១៤ មករា ២០១៩) ៖ នាថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា  ហើយ​មក​ដល់​ត្រឹមថ្ងៃច័ន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩នេះ​គឺមាន​រយៈពេល៣៤ឆ្នាំហើយ ​ដែលបុរសខ្លាំងតេជោ សែន បានដឹកនាំប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ការទទួលបានតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចបានបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីជាង៣ខែ ពេលដែលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ សហភាពសូវៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានក្លាយជានាយករដ្ឋមន្ត្រីតាំងពីមានវ័យក្មេងជាងគេ ហើយបន្តកាន់តំណែងរហូតក្លាយជានាយករដ្ឋមន្ត្រីមានអាយុច្រើនជាងគេ ក្រោមការគាំទ្ររបស់ប្រជាពលរដ្ឋរូបនេះ ក៏បានឲ្យដឹងផងដែរ តំណែងជានាយករដ្ឋមន្ត្រីលើកដំបូងនេះទទួលបានការគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ពិសេសគឺសម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, លោក សាយ ភូថង និងលោក ជា សុទ្ធ។ល។ ទើបមានការរៀបចំបែបនេះ។

បុរសដែលបានកាន់តំណែងយូរជាងគេនៅតំបន់អាស៊ី បានបញ្ជាក់ថា «អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុត គឺការបោះឆ្នោតជាសម្ងាត់នៅក្នុងរដ្ឋសភា គឺខ្ញុំទទួលបានសំឡេងឆ្នោតគាំទ្រ១០០%។ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃៈ។ នាយករដ្ឋមន្ត្រី២រូបមុនខ្ញុំ តែងមានសន្លឹកឆ្នោតប្រឆាំងមិនតិចជាង៥សំឡេង។ កម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយទើបធ្វើឲ្យខ្ញុំសម្រេចបាននូវរបៀបវារៈនយោបាយដែលប្រជាជនកម្ពុជា បាន និងកំពុងទទួលផលរហូតសព្វថ្ងៃនេះ»៕

 

 

Related Articles

Back to top button
Close
Close