រាជរដ្ឋាភិបាលប្រកាសរើផ្សារបន្លែពីផ្សារដើមគរ ទៅបង្កើតផ្សារបន្លែថ្មីនៅបឹងតាមោក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៤ មករា ២០១៩) ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកដីបឹងតាមោកស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ធ្វើជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត។ ជាពិសេសកន្លែងចែកចាយបន្លែនៅផ្សារដើមគរនឹងរើទៅផ្សារថ្មីនេះ ដែលការសម្រេចនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចតាំងពីអំឡុងខែមិថុនាឆ្នាំ២០១៨មកម្ល៉េះ តែដំណឹងពីការសាងសង់ទើបនឹងបែកធ្លាយនៅពេលថ្មីៗនេះ។
ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបង្កើតផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងចំណតរថយន្តនៅបឹងតាមោកនេះ ទទួលបានចំណារដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨។ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានធ្វើសំណើមួយទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំដីនៅបឹងតាមោកចំនួន ២០ហិកតា ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត។
ក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូនក្រសួងដែនដី ដើម្បីស្នើសុំដីនៅបឹងតាមោកចំនួន ២០ហិកតា ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត បានគូសបញ្ជាក់យ៉ាងដូច្នេះ «រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដីចំនួន២០ហិកតា នៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ»៕