សម្តេចតេជោ ជួបសំណេះសំណាលជាមួយយុវជនអាស៊ីអាគ្នេយ៍កម្ពុជា២៩រូប
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ តុលា ២០១៨) ៖ នាព្រឹកថ្ងៃទី១៦ ខែតុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យគណៈ ប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន ២៩ រូបបានចូលជួបសម្តែងការគួរសមនិងទទួលដំបូន្មានពីមុនពេលចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវ ជនអាស៊ីអគ្នេយ៍និងប្រទេសជប៉ុនលើកទី៤៥ នាពេលខាងមុខនេះ។
កម្មវិធីនាវាយុវជនអាស៊ីអគ្នេយ៍និងជប៉ុនលើកទី៤៥ ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៨។
យុវជនកម្ពុជាចំនួន ២៩ រូបនឹងចូលរួមជាមួយប្រតិភូយុវ ជនអាស៊ាន និងជប៉ុន សរុបគ្នាទាំងអស់ចំនួន ៣៣០ រូប នៅលើនាវា NIPPON MARU ធ្វើដំណើរចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសមួយចំនួនក្នុងអាស៊ានរួមមាន ប្រ៊ុយណេ ថៃ ហ្វីលីពីន និងវៀតណាមជាដើម។
សូមបញ្ជាក់ថាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុនបង្កើតឡើងដោយប្រទេសជប៉ុនគឺនៅឆ្នាំ១៩៧៤ ។ ចំណែកសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដែលរហូតមកដល់ពេលនេះមានយុវជនកម្ពុជាចំនួន ៥៦០ នាក់ ហើយបានចូលរួមជាមួយកម្មវិធីនាវា យុវជនអាស៊ី អាគ្នេយ៍-ជប៉ុននេះ៕