សម្តេចតេជោ ៖ បេសកម្មរបស់ខ្ញុំសង្ខេបដោយពាក្យមួយថា « ជោគជ័យ»

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់លើទំព័រហ្វេសបុកផ្លូវការរបស់​សម្តេចនៅព្រឹកថ្ងៃច័ន្ទនេះថា « ខ្ញុំសូមឆ្លៀតឱកាសរៀបរាប់ជូនជនរួមជាតិពីដំណើរបេសកម្មរបស់ខ្ញុំដោយពាក្យសង្ខេបមួយថា « ជោគជ័យ!» ។

សម្តេចតេជោបានរៀបរាប់ក្នុងខ្លឹមសារដើមទាំងស្រុងយ៉ាងដូច្នេះថា «កម្ពុជាមាតុភូមិខ្ញុំយៈពេលយូរ ឬឆាប់យ៉ាងណាក៏អារម្មណ៍នៃការវិលត្រឡប់មកជាន់ទឹកដីកម្ពុជាមាតុភូមិនៅតែពោរពេញដោយក្តីទន្ទឹង។

ក្នុងដំណើរតាមយន្តហោះជាង១៧ម៉ោងនេះ ខ្ញុំសូមឆ្លៀតឱកាសរៀបរាប់ជូនជនរួមជាតិពីដំណើរបេសកម្មរបស់ខ្ញុំដោយពាក្យសង្ខេបមួយថា « ជោគជ័យ! » ។
ខ្ញុំសូមអរគុណ ដល់ជនរួមជាតិទាំងអស់ដែលតែងតែគាំទ្រនឹងតាមដានរាល់សកម្មភាពរបស់ខ្ញុំនៅអង្គការសហប្រជាជាតិលើកនេះ តាមរយៈ Facebook Page របស់ខ្ញុំក្តី ឬតាមរយៈបណ្ដាញសារព័ត៌មានទាំងឡាយក្តី។ ការគាំទ្ររបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសបានផ្តល់ជាកម្លាំងចិត្តយ៉ាងខ្លាំងដល់រូបខ្ញុំ ជំនួសការនឿយហត់ផ្លូវកាយដោយសារការធ្វើដំណើរផ្លូវឆ្ងាយ និងការប្តូរម៉ោង យប់ជាថ្ងៃ។

ខ្ញុំក៏សូមអរគុណបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាដ៏ច្រើនកុះករដែលបានចំណាយពេលវេលា និងធនធានស្កាត់មកពីគ្រប់រដ្ឋជិតឆ្ងាយមកជួបសំណេះសំណាលជាមួយខ្ញុំ ដើម្បីបានទទួលព័ត៌មានពីការអភិវឌ្ឍនានា និងសុខទុក្ខរបស់ប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំនឹងចងចាំនូវសំណើច ស្នាមញញឹម នឹងក្តីរឮករបស់បងប្អូនជាប់ជានិច្ច និងសូមសន្យាថាយើងនឹងជួបគ្នាជាថ្មីម្តងទៀត។»

សូមជម្រាបថា សម្តេចតេជោហ៊ុនសែន និងគណប្រតិភូគ្រោងនឹងមកដល់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃច័ន្ទនេះ៕

Related Articles

Back to top button
Close
Close