បុណ្យ​កាន់​បិណ្ឌ​ ជា​​បុណ្យ​ប្រពៃណី​​ខ្មែរ​ ​មិន​មាន​​ធ្វើ​​នៅ​​ប្រទេស​​ដទៃ​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ​ (២៤ កញ្ញា ២០១៨) ៖ ​បុណ្យកាន់បិណ្ឌ​ត្រូវបាន​ហៅ​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅតាម​តំបន់ ដោយ​តំបន់​ខ្លះ​ហៅថា​បុណ្យ​ភ្ជុំបិណ្ឌ ខ្លះ​ហៅថា​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ដាក់​បិណ្ឌ ហើយ​នៅ​តំបន់​ខ្លះ​ហៅថា​បុណ្យ​ដូនតា ។ វចនានុក្រម​ខ្មែរ​របស់​សម្តេច ព្រះសង្ឃរាជ​ជួន ណាត ទំព័រ ៣៣៧ បញ្ជាក់​ច្បាស់​ថា​បុណ្យ​នេះ​ហៅ​ឈ្មោះថា បុណ្យកាន់បិណ្ឌ ឬ​បុណ្យ​ដាក់​បិណ្ឌ​។​

បុណ្យកាន់បិណ្ឌ​ ឬ​បុណ្យ​ដាក់​បិណ្ឌ ជា​បុណ្យប្រពៃណី​របស់​ពុទ្ធសាសនិក​និកាយ​ថេរវាទ​នៅ​ប្រទេស​កម្ពុជា ហើយ​មិនមាន​ធ្វើ​នៅ​ប្រទេស​ដែល​គោរព​រាប់អាន​ព្រះពុទ្ធសាសនា​ថេរវាទ​ដទៃ ដូចជា​ប្រទេស​ថៃ ឡាវ​ឬ ភូមា​ឡើយ ព្រោះ​វា​មិនមែនជា​បុណ្យ​នៅក្នុង​វិន័យ​បញ្ញត្តិ ។​

បុណ្យ​នេះ​ត្រូវបាន​ពុទ្ធសាសនិក​ខ្មែរ​ធ្វើឡើង​រៀងរាល់ឆ្នាំ​ចាប់ពី​ថ្ងៃ ១​រោច ដល់ ថ្ងៃ​១៥​រោច ខែភទ្របទ​ ពុទ្ធសាសនិក​ខ្មែរ​ធ្វើបុណ្យ​នេះ​ដោយ​ការយក​ទេយ្យទាន​ផ្សេងៗ​មាន​អាហារ​ជាដើម​ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ​នៅក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​រយៈពេល​១៥​ថ្ងៃ​គត់ ។​

ដោយហេតុ​ពុទ្ធសាសនិក​មានការ​ម​មា​ញឹក​ចំពោះ​កិ​ច្ចា​នុ​កិច្ច​ប្រចាំថ្ងៃ និង ដើម្បី​ធានា ថា ព្រះសង្ឃ​ត្រូវបាន​ផ្គត់ផ្គង់​ជា​ទៀងទាត់​នោះ ទើប​គេ​ចែកជា​ក្រុមៗ ដាក់​វេន​គ្នា​យក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ដល់ ថ្ងៃ​១៤​រោច ខែភទ្របទ ហើយ​ឱ្យ​ឈ្មោះថា វេន​ទី​១…​វេន​ទី​១៤ ។ រយៈពេល​១៤​ថ្ងៃនេះ​ឱ្យឈ្មោះ​ថា​បុណ្យកាន់ បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ ។

ចំណែក​ថ្ងៃ​១៥​រោច ដែលជា​ថ្ងៃ​ចុងក្រោយ​នោះ ពុទ្ធសាសនិក​ពី​គ្រប់​វេន​ទាំងអស់​បានមក​ជួបជុំ​គ្នា​ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយគ្នា​ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី​១៥ ត្រូវ​នឹង​ថ្ងៃ​១៥​រោច​ខែភទ្របទ ដែលជា​ថ្ងៃ​ចុងក្រោយ​នេះ​ឱ្យ​ឈ្មោះថា ភ្ជុំបិណ្ឌ ឬ ថ្ងៃ​ភ្ជុំបិណ្ឌ ៕

 

Related Articles

Back to top button
Close
Close