សម្តេចតេជោ រំលឹកខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដលើរូបសម្តេច
សារព័ត៌មាន Cambodia News/
សៀមរាប (២៥ កញ្ញា ២០១៨) ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថា ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដលើរូបសម្តេច នៅខេត្តសៀមរាប(២៤/កញ្ញា/១៩៩៨-២៤/កញ្ញា/២០១៨)។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថា “នៅម៉ោង៨និង៥២នាទី ថ្ងៃទី ២៤ កញ្ញា ១៩៩៨ មានគ្រាប់រ៉ុក្កែត (បេ៤០) មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំ។ តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាងផ្លូវធ្វើឱ្យប្រជាជនម្នាក់ស្លាប់និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។
ការរៀបចំធ្វើឃាដលើរូបខ្ញុំនាពេលនោះត្រូវបានធ្វើឡើងស្របពេលនៃការប្រជុំសភានីតិកាលទី២ដែលត្រូវប្រជុំនៅព្រះរាជដំណាក់នាទីក្រុងសៀមរាបក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។
ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើឱ្យខ្សែភ្លើងបញ្ជារគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតខ្ញុំត្រូវចប់តាំងពីពេលនោះមក។ប្រសិនបើខ្ញុំស្លាប់នាពេលនោះតើនឹងមានរឿងអ្វីកើតឡើងក្រោយពេលខ្ញុំស្លាប់នៅក្នុងក្រុងសៀមរាប?បន្ទាប់មក តើសង្គ្រាមអាចបញ្ចប់បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ឬទេ?នេះជាចម្លើយដែលត្រូវឆ្លើយសម្រាប់សំណួរទាំងពីរខាងលើនេះ”។
“អរព្រះគុណទេវតាថែរក្សាអង្គរវត្តព្រះអង្គចេកព្រះអង្គចមនិងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ដែលជួយការពារខ្ញុំនាពេលនោះ។ខ្ញុំជឿច្បាស់ណាស់ថា អ្នកជួយជីវិតខ្ញុំនាពេលនោះគឺតាមផ្លូវងងិត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតារុក្ខទេវតាអាកាសទេវតាបារមីព្រះអង្គចេកព្រះអង្គចមបារមីដែលតាមថែរក្សាខ្ញុំជាប្រចាំ។កន្លងមកបានជួយជីវិតខ្ញុំឱ្យខ្ញុំរស់បាន២០ឆ្នាំកន្លងមកនេះដែលធ្វើឱ្យខ្ញុំបានដឹកនាំប្រទេសចេញពីសង្គ្រាមមកកាន់សន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃ។
ខ្ញុំបានអហោសិកម្មឱ្យអ្នកដែលចង់សម្លាប់ខ្ញុំនៅខេត្តសៀមរាបរួចហើយបើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៍ដោយតែអ្នកត្រូវដឹងថាពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រីខ្ញុំមិនឱ្យពួកអ្នកសម្លាប់ខ្ញុំបានទេមិនឱ្យពួកអ្នកធ្វើរដ្ឋប្រហារឬធ្វើបដិវត្តពណ៍បានទេ។ទោះដោយតម្លៃណាក៏ដោយខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឱ្យខាងតែបាន”៕