អនុ​ប្រធានាធិបតី​អាមេរិក អំពាវនាវ​អោយ​មីយ៉ាន់ម៉ាដោះលែង​អ្នកកាសែតពីរ​នាក់​

សារព័ត៌មាន​​ Cambodia News/

អាមេរិក (៥ កញ្ញា ២០១៨) ៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេនស៍ កាលពីថ្ងៃអង្គារទី៤កញ្ញាបានអំពាវនាវអោយរដ្ឋាភិបាលមីយ៉ាន់ម៉ាប្តូរការសំរេចចិត្តរបស់តុលាការ ដែលបានកាត់ទោសដាក់គុកអ្នកកាសែតសញ្ជាតិមីយ៉ាន់ម៉ាធ្វើការអោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចំនួន២នាក់ ក្នុងម្នាក់ៗជាប់គុក៧ឆ្នាំ។លោកបានអំពាវនាវអោយមានការដោះលែងពួកគេជាបន្ទាន់។

តុលាការក្រុងយ៉ាងហ្គោនកាលពីចន្ទបានរកឃើញអ្នកកាសែតទាំង២មានទោសកំហុសនៅក្រោមច្បាប់ការសម្ងាត់រដ្ឋ និងបានសំរេចដាក់គុកពួកគេម្នាក់ៗ៧ឆ្នាំ ជាហេតុនាំអោយមានប្រតិកម្មភ្លាមៗពីអង្គការសហប្រជាជាតិ អឺរ៉ុបនិងអាមេរិក រួមទាំងក្រុមសារព័ត៌មាននិងអង្គការសិទ្ធិមនុស្ស។តែកាលពីថ្ងៃអង្គារ មន្រ្តីមីយ៉ាន់ម៉ាម្នាក់បានព្យាយាមការពារមុខមាត់ប្រទេសខ្លួន ដោយនិយាយថា ការរិះគន់ប្រព័ន្ធយុត្តិធម៌មានន័យជាការប្រមាថតុលាការ។

អ្នកកាសែតទាំង២ត្រូវបានចាប់ឃុំខ្លួនចាប់តាំងពីថ្ងៃ១២ធ្នូឆ្នាំមុន ក្នុងពេលស៊ើបអង្កេតការសម្លាប់បុរសនិងកុមាររ៉ូហ៊ីងយ៉ា១០នាក់ និងការរំលោភផ្សេងៗពាក់ព័ន្ធនឹងទាហាននិងប៉ូលិសនៅភូមិអ៊ិន ឌីន៕

 

Related Articles

Back to top button
Close
Close