រដ្ឋសភានីតិកាលទី៦បើកសម័យប្រជុំដំបូងក្រោយបោះឆ្នោតរយៈពេលជាង១ខែ
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ ៖ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាង១ខែក្រោយពេលបោះឆ្នោត នៅថ្ងៃពុធ ទី០៥ ខែកញ្ញានេះ រដ្ឋសភានីតិកាលថ្មីនឹងលេចចេញជារូបរាងហើយក៏ជាថ្ងៃនឹងបានឃើញវត្តមានតំណាងរាស្ត្រទាំង១២៥រូបមកពីគណបក្សប្រជាជនកម្ពុជា ដែលនឹងធ្វើការបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងអាណត្តិទី៦ រយៈពេល៥ឆ្នាំផងដែរ។
ការបើកសម័យប្រជុំលើកដំបូងនីតិកាលថ្មីនៃរដ្ឋសភានៅថ្ងៃទី០៥ ខែកញ្ញានេះ ធ្វើឡើងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃនេះ ចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។
លុះនៅពេលរសៀលតំណាងរាស្ត្រទាំង១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។
ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ៕