ម្ចាស់អចលទ្រព្យ ដែលមិនទាន់បានបង់ពន្ធ មេត្ដារួសរាស់ឡើង
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (៣០ សីហា ២០១៨) ៖ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលទ្រព្យមួយចំនួន មិនទាន់បំពេញភារកិច្ច ប្រកាសបង់ពន្ធនេះនៅឡើយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរំលឹកការបង់ពន្ធ អចលទ្រព្យ ឆ្នាំ២០១៨ ដែលនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។
អគ្គនាយកដ្ឋានពន្ធដារបានសង្កត់ធ្ងន់ថា “ដើម្បីជំរុញការបង់ពន្ធលើអចលទ្រព្យ សម្រាប់ឆ្នាំ២០១៨នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ជៀសវាងបានការកកស្ទះ ការជ្រៀតគ្នាមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំមានបាតុភាពអសកម្ម ដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹក ដល់ម្ចាស់អចលទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញភារកិច្ចបង់ពន្ធ មេត្ដារួសរាស់មកប្រកាសបង់ពន្ធ ឲ្យបានទាត់ពេលវេលានៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨” ៕