តុលាការវៀតណាមកាត់ទោសជនជាតិអាមេរិកពីរនាក់ដាក់ពន្ធនាគារ១៤ឆ្នាំ
សារព័ត៌មាន Cambodia News/
ហាណូយ (២៣ សីហា ២០១៨) ៖ តុលាការវៀតណាមបានសម្រេចផ្ដន្ទាទោសជនជាតិអាមេរិកដើមកំណើតវៀតណាមពីរនាក់កាលពីថ្ងៃទី២២ ខែសីហា ដោយម្នាក់ៗដាក់ពន្ធនាគារ១៤ឆ្នាំ ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មរៀបចំផែនការវាយប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០១៨។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
ជនជាប់ទាំងពីរនាកមានឈ្មោះ James Nguyen ភេទប្រុស និងឈ្មោះ Angel Phan ភេទស្រី រួមជាមួយអ្នកសមគំនិត១០នាក់ផ្សេងទៀតជាប់ទោសរយៈពេលខ្លី ត្រូវបានផ្តន្ទាទោសបន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃ។
លោក Nguyen និងលោកស្រី Phan ត្រូវបានតុលាការ ចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារចំនួនបីលើក ក្នុងនោះរួមមានទាំងការប៉ុនប៉ងវាយប្រហារបំផ្ទុះគ្រាប់បែកប្រឆាំងនឹងអាកាសយានដ្ឋានក្នុងទីក្រុងហូជីមិញ កាលពីខែមេសាកន្លងទៅ និងការបំផ្ទុះគ្រាប់បែកដោយជោគជ័យលើប៉ុស្ដិ៍ប៉ូលិសមួយ កន្លែងកាលពីខែមិថុនា ឆ្នាំ២០១៧ផងដែរ។
ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម លោក James Nguyen និងលោកស្រី Angel Phan បានធ្វើសកម្មភាព វាយប្រហាររបស់ខ្លួន ក្នុងនាមអង្គការមួយមានឈ្មោះថា «រដ្ឋាភិបាលវៀតណាមបណ្ដោះអាសន្ន» មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ អង្គការមួយនេះហើយដែលត្រូវបានទីក្រុងហាណូយ ចោទថា ជាអង្គការភេរវកម្មគំាទ្រដោយអ្នកស្ម័គ្រស្មោះនឹង អតីតវៀតណាមខាងត្បូង៕