ការចាប់​ជំនុំជម្រះ​កាត់ទោស​លោកស្រី​ Gu Kailai ​ជាប់ចោទ​ពីបទ​បានធ្វើ​ឃាត​ទៅលើ ​Neil Heywood​

ការកាត់ទោស លោកស្រី Gu Kailai ភរិយាអតីតមេដឹកនាំកំពូលចិនឈ្មោះ Bo Xilai ជាប់ចោទពីបទបានធ្វើឃាតទៅ លើជនជាតិ អង់គ្លេសឈ្មោះ Neil Heywood ត្រូវប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី៩សីហាឆ្នាំ២០១២នេះ។ សំណុំរឿងដ៏ ចម្រូងចម្រាសនេះ មានជាប់ទាក់ទិននឹងបញ្ហាប្រាក់កាស បញ្ហាឧក្រិដ្ឋកម្ម និងបញ្ហានយោបាយ ដែលបានធ្វើឲ្យគណ បក្សកុម្មុយនិស្តចិនស្គាល់ការរង្គោះរង្គើពុំតិចឡើយ។

សនវការកាត់ទោសលោកស្រី Gu Kailai  ភរិយាអតីតមេដឹកនាំកំពូលចិនឈ្មោះ Bo Xilai ជាប់ចោទពីបទបានធ្វើឃាត ទៅលើជនជាតិអង់គ្លេសឈ្មោះ Neil Heywood ត្រូវប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី៩សីហាឆ្នាំ២០១២នេះ នៅម៉ោង៨ កន្លះ ម៉ោង ក្នុង ស្រុក ត្រូវជាម៉ោង០០,៣០នាទីម៉ោងសកល នៅទីក្រុង Hefei ។ ការជំនុំជម្រះកាត់ទោសលោកស្រី Gu Kailai នេះគ្រោងមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមលោក Zhang Mi អ្នកនាំពាក្យរបស់តុលាការចិន ហើយសន្និសីទកាសែតមួយនឹងត្រូវគេរៀបចំឲ្យមានសម្រាប់អ្នកយកព័ត៌មាន បរទេសដែលគេពុំអនុញ្ញាតឲ្យចូលទៅ ក្នុងកន្លែងកាត់ក្តី។

បើប្រសិនជា លោកស្រី Gu Kailai បានត្រូវគេរកឃើញថា ពិតជាបានធ្វើឃាតទៅលើរូបលោក Neil Heywood មែន នោះភរិយាអតីតមេដឹកនាំកំពូលចិននឹងត្រូវទទួលទោសប្រហារជិវិត ។ ក៏ប៉ុន្តែថ្នាក់ដឹកនាំចិនចង់បិទបញ្ចប់បញ្ហាដ៏ អាស្រូវ និងដ៏ចម្រូងចម្រាសនេះ ឲ្យបានឆាប់រហ័ស។

គួរកត់សម្គាល់ថា លោកស្រី Gu Kailai ជាមេធាវីអន្តរជាតិមួយរូបដែលមានឈ្មោះល្បីល្បាញ។ លោកស្រីធ្លាប់ មានទំនាក់ទំនងកិច្ចការហិរញ្ញវត្ថុជាមួយលោក Neil Heywood ដូចលោក Bo Xilai ជាស្វាមីរបស់លោកស្រីដែរ។ ក្រោយមកគេឮថា អ្នកទាំងពីរពុំចុះសម្រុងនឹងគ្នាទាក់ទិននឹងកិច្ចការហិរញ្ញវត្ថុ។

ប៉ុន្តែយ៉ាងណាក៏ដោយ គេពុំសង្ឃឹមថា ការជំនុំជម្រះកាត់ទោសលោកស្រី Gu Kailai នេះនឹងមកជួយបំភ្លឺមូលហេតុ ពិតដែលនាំឲ្យកើតមានការធ្វើឃាតទៅលើជនជាតិអង់គ្លេសឈ្មោះNeil Heywoodដែលជាភារកិច្ចជននោះបានឡើយ។ ហើយទាំងនេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញពី ការប្រយុទ្ធដណ្តើមអំណាចគ្នានៅក្នុងរង្វង់ថ្នាក់នយោបាយជាន់ខ្ពស់ចិន ផង ដែរ។

សូមបញ្ជាក់ថា លោក Bo Xilai ដែលជាស្វាមីរបស់ជនចាប់ចោទធ្លាប់ជាអ្នកដឹកនាំចិនជាន់ខ្ពស់ដ៏ ល្បីឈ្មោះនៅក្នុងរង្វង់ គណបក្សកុម្មុយនិស្តចិន។ មុនការទម្លាក់ចេញពីមុខតំណែងនៅខែមីនាកន្លងទៅ លោក Bo Xilai បានកាន់កាប់មុខ តំណែងជាលេខាធិការទីមួយនៃបក្សកុម្មុយនិស្តចិននៅ ទីក្រុង ចុងឈីង ដែលជាទីក្រុងចិនដ៏ធំមានប្រជាជប្រមាណ ៣០ លាននាក់រស់នៅ។ លោក Bo Xilai បានត្រូវគេហៅថា “បុត្ររបស់ព្រះអង្គម្ចាស់ក្រហម”- fils de prince rouge -ដោយហេតុថា ឪពុករបស់លោកឈ្មោះ Bo Yibo ជាមេដឹកនាំប្រវត្តិសាស្ត្រនៃបដិវត្តន៍ចិន។ លោក Bo Xilai មានរូប រាងសង្ហា មានប្រាជ្ញាឈ្លាសវៃ មានទស្សនៈបើកចំហមករកប្រទេសបស្ចិមលោក ហើយជាពិសេស លោក Bo Xilai មានមហិច្ឆតាចង់ក្លាយជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃ ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិនផង ទៀត។ ក៏ប៉ុន្តែ ជោគវាសនារបស់ លោក Bo Xilai បានត្រូវគេវាយបំបាក់នៅរយៈកាលតែប៉ុន្មានខែប៉ុណ្ណោះ មុនមហាសន្និបាតនៃបក្សកុម្មុយនិស្តចិននៅខែតុលាខាងមុខនេះ៕ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close