រុស្ស៊ីបាន​ត្រៀម​មែន​កងសេនាជន ​Ossetie ​ខាងត្បូង​សម្រាប់​ទប់ទល់​នឹង​ហ្ស៊កហ្ស៊ី​

ចម្លើយនេះរបស់លោកប្រធានាធិបតីរុស្ស៊ីពូទីន តបនឹងសំនួរអ្នកកាសែតចោទឡើងទាក់ទងនឹងកាលបរិច្ឆេត ទី៨សីហា ដែលកាលពី៤ឆ្នាំមុនបានញ៉ាំងឲ្យមានអន្តរាគមន៍យោធាពីខាងរុស្ស៊ី ចូលដែនដីហ្ស៊កហ្ស៊ី គឺត្រូវលោកប្រមុខរដ្ឋហ្ស៊កហ្ស៊ី Saakashvili ចាត់ទុកភ្លាមភ្លែតជាសំដីសារភាពរបស់លោកពូទីន ពិតជាអ្នកបានរៀបចំសង្គ្រាមទល់នឹងហ្ស៊កហ្ស៊ី។

សំនួរដែលចោទទៅលោកពូទីន មានពីរ៖

ទី១- “តើ៤ឆ្នាំមុន ពេលគាត់ស្ថិតនៅក្រុងប៉េកាំងក្នុងពិធី សម្ពោធកីឡាអូឡាំពិក គាត់បានទូរស័ព្ទពីទីនោះមកម៉ូស្គូឬទេ ?
ទី២- តើរុស្ស៊ីមានគ្រោងទុកឬទេ ផែនការនៃសកម្មភាពក្នុងករណីបើមានអំពើឈ្លានពានយោធាហ្ស៊កហ្ស៊ី ទៅលើ Ossetie ខាងត្បូង?

តបនឹងសំនួរខាងលើ លោកពូទីនដំណាលដូចតទៅ៖
“ផែនការនៃសកម្មភាពត្រូវបានរុស្ស៊ី គ្រោងមែនសម្រាប់ករណីបើមានអំពើឈ្លានពានយោធា ហ្ស៊កហ្ស៊ី ទៅលើOssetie ខាងត្បូង? ផែនការនេះ មានរៀបចំឡើងដោយ អគ្គសេនាធិការដ្ឋាន កងទ័ពរុស្ស៊ី និងបានទទួលការសម្របយោបល់ ជាមួយថ្នាក់ដឹកនាំប្រទេស កាលពីចុងឆ្នាំ ២០០៦ ដើមឆ្នាំ២០០៧។ គឺក្នុងក្របខ័ណ្ឌនៃផែនការនេះដែលភាគី រុស្ស៊ីបាន ដំណើរការដោយបណ្តុះ បណ្តាលបានជាកងសេនាជន Ossetie ខាងត្បូង។ ពិតជាកងសេនាជននោះឯង ដែលដោយរួម ជាមួយពួកយោធាមួកខៀវរុស្ស៊ី ចេះច្បាំងអស់៣ថ្ងៃជាប់ទប់ទល់នឹង អង្គភាព យោធាហ្ស៊កហ្ស៊ី ទម្រាំកងទ័ពរុស្ស៊ីបាន បោះពួយយា ត្រាទៅជួយ Ossetie ខាងត្បូង”។

លោកពូទីនបន្ថែមថា កាលណោះគាត់បានទូរស័ព្ទពីប៉េកាំងចំនួន២ដង មកលោកមេដវេដេវ ជាប្រធានាធិបតី និងមួយ ដងមករដ្ឋមន្ត្រីការពារជាតិ ពិភាក្សាអំពីបញ្ហាដែលចោទឡើងជាបន្ទាន់។

សេចក្តីថ្លែងការណ៍របស់លោកពូទីន បានញ៉ាំងឲ្យមានប្រតិកម្មភ្លាមភ្លែតពីលោកប្រធានាធិបតីហ្ស៊កហ្ស៊ី Saakashvili ដែលធ្វើអត្ថាធិប្បាយថា ៖គឺមេដឹកនាំរុស្ស៊ីរូបនេះដែលជាអ្នកបានរៀបចំសង្គ្រាម ប្រឆាំងនឹងរដ្ឋហ្ស៊កហ្ស៊ីកាលពី៤ឆ្នាំ មុន។ លោកពូទីនខ្លួនឯងបានសារភាពថា គឺតាំងពីយូរមកហើយដែលគាត់បានគ្រោងឲ្យកងទ័ពរុស្ស៊ី វាយលុកចូលដែន ដីរដ្ឋហ្ស៊កហ្ស៊ី។ដូច្នេះចាប់ពីអំណើះតទៅគ្មានអ្វីគួរឲ្យសង្ស័យទៀតឡើយ តើនរណាជាមេនាំអាទិ៏ផ្លុំបញ្ឆេះភ្លើង សង្គ្រាម?

ទោះយ៉ាងណាក្តីក៏លោកSaakashvili ថ្លែងអះអាងថា អន្តរាគមន៍យោធារុស្ស៊ីកាលណោះ ឥតជួយឲ្យរុស្ស៊ី សម្រេចបាន គោលដៅខ្លួនសូម្បីតែមួយក៏ទេដែរ។ រុស្ស៊ីមិនអាចកែប្រែ របបប្រជាធិបតេយ្យនៅហ្ស៊កហ្ស៊ីឯណា មិនអាចខាឃាំងផ្លូវ ហ្ស៊កហ្ស៊ីដើម្បីចូលជាសមាជិកបក្សសម្ព័ន្ធអូតង់ និង សហភាពអឺរ៉ុបឡើយ។ រុស្ស៊ីខ្លួនឯងដឹងច្បាស់ក្នុងចិត្តថា នៅពេល ណាមួយត្រូវតែដកខ្លួនឈប់កាន់កាប់ Ossetie ខាងត្បូង និង Abkhazie ដែលអន្តរជាតិទទួលស្គាល់ ជាដែនដីរបស់ រដ្ឋហ្ស៊កហ្ស៊ី ទេតើ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close