សម្ដេចតេជោ ហ៊ុន សែន ៖ មានអ្នកខ្លះថា បក្សនយោបាយទើបបង្កើតថ្មីជាបក្សអាប
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រគល់ សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅកោះពេជ្រ នាព្រឹកថ្ងៃទី២២ ឧសភា នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានអ្នកខ្លះថា បក្សនយោបាយចំនួន២០ ដែលនឹងចូលរួមប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ ជាបក្សរបស់សម្តេច ជាបក្សអាប ឬបក្សអំពិលអំពែក ដើម្បីធ្វើជាអាយ៉ងឲ្យបក្សកាន់អំណាច ប៉ុន្តែសម្តេចថា មតិពួកគេនោះជាមតិជាន់ឈ្លីកម្ពុជា និងបំផ្លាញលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ ។
សម្តេចបានបញ្ជាក់ថា “យើងត្រូវបន្តការខិតខំ ដើម្បីដំណើរការប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស គណបក្ស២០ចូលរួមការបោះឆ្នោត មិនមែនជាបញ្ហាលេងសើចទេ ហើយមានអ្នកខ្លះចាត់ទុកថា គណបក្សនេះ សុទ្ធតែជាគណបក្ស ហ៊ុន សែន អ្នកបង្កើត ហាក់ដូចជាមើលស្រាល បណ្ដាបក្សនយោបាយដទៃទៀត ហើយរហូតទៅដល់ឈាន ហៅគេថា ជាគណបក្សអាប មានតែក្បាល គណបក្សអំពិលអំពែក វាអស់ឆ្ងល់ត្រឹមកន្លែងហ្នឹង” ។
ក្នុងចំណោមគណបក្សនយោបាយ ២០ បានចុះបញ្ជីនៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) រហូតមកដល់ថ្ងៃ២១ ខែឧសភា ឆ្នាំ២០១៨ គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការចំនួន ១៦បក្ស ខណៈបក្សនយោបាយ ៤ទៀត គ.ជ.ប ទុកពេល៥ថ្ងៃ ដើម្បីឲ្យបំពេញបែបបទបន្ថែម តែបើហួសរយៈពេលនេះ គ.ជ.ប ចាត់ទុកថា គណបក្សទាំងនោះ បោះបង់ការឈរឈ្មោះ បោះឆ្នោតអាណត្តិទី៦នេះ ។
សម្ដេចបន្ថែមថា ឲ្យតែបក្សនយោបាយ មិនថាតូច ឬធំគឺមានសិទ្ធិដូចៗគ្នា នៅក្នុងដំណើរការប្រជាធិបតេយ្យ ។ សម្ដេចថា ដូច្នេះហើយបានជាប្រៀបធៀប ពីជម្រើសរបស់យុវជន និងឱកាសរបស់យុវជន ដែលត្រូវប្រើឲ្យបានល្អ ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ នៅតែបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ខិតខំថែរក្សាសន្តិភាព ស្ថេរភាព ដើម្បីធានាដល់ការអភិវឌ្ឍ ៕