ក្រសួងស្នើឲ្យសហការចាត់វិធានការករណីបិទ Sticker ប៉ះពាល់សីលធម៌
សារព័ត៌មាន Cambodia News/
ភ្នំពេញៈ ក្រសួងព័ត៌មាន បានស្នើឲ្យអាជ្ញាធរ រាជធានីខេត្ត-ក្រុង និងអង្គភាពពាក់ព័ន្ធ ជួយសហការចាត់វិធានការចំពោះករណីបិទ ស្ទីកឃើរ ជារូបភាព ឬ សារជាអក្សរដែលមានអត្ថន័យអសីលធម៌ ជាអ្វីដែលក្រសួងថា បានធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរនិងសីលធម៌សង្គម។
នៅក្នុងលិខិតផ្ញើជូនទៅថ្នាក់ដឹកនាំរាជធានី ខេត្ត-ក្រុងនិងប្រធានអង្គភាពពាក់ព័ន្ធដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីកង្វល់ ខណៈដែលក្រសួងមើលឃើញថា ករណីបិទស្ទីកឃើរនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងសីលធម៌សង្គម។
យ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់អំពីរូបភាព ឬ សារជាអក្សរនោះមានអ្វីខ្លះដែលត្រូវបានគេយកមកបិទនោះទេ ដោយគ្រាន់តែលើកឡើងថា កន្លងមក ក្រសួងព័ត៌មានបានសង្កេតឃើញមានករណីបិទស្ទីកឃើរ(Sticker) នេះនៅតាមរថយន្ត យានយន្ត ឬពីក្រោយរថយន្តឬយានយន្តជារូបភាព ឬ សារជាអក្សរដែលមានអត្ថន័យអសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងសីលធម៌សង្គម។
ការស្នើរសុំនេះធ្វើឡើង ដើម្បីចៀសវាងផលអវិជ្ជមានមកលើប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជនខ្មែរយើងតាំងពីដើមរៀងមក ហើយក្រសួងក៏ស្នើសុំកិច្ចសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងស្ថាប័យ អង្គភាពពាក់ព័ន្ធចាត់វិធានការ ចំពោះម្ចាស់ក្រុមហ៊ុនដឹកជញ្ចូន ឬម្ចាស់រថយន្ត ឬម្ចាស់យានយន្តគ្រប់ប្រភេទ ដែលប្រព្រឹត្តិល្មើលទាំងនេះឲ្យបានតឹងរឹងបំផុត៕