មន្ត្រីចំនួន៧០រូបចូលរួមវគ្គបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋាន វិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំបើកវគ្គបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋានវិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន៧០រូប តំណាងឱ្យ៣៣ក្រសួង និងស្ថាប័នថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី។
នេះជាវគ្គបណ្តុះបណ្តាលជំហានទី១ ហើយដែលជំហានបន្ទាប់នឹងរៀបចំនៅថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ខាងមុខ ដោយគ្រូជំនាញៗ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើកិច្ចការងារព័ត៌មាន និងនាំពាក្យ ដែលនឹងចែករម្លែកចំណេះដឹងដល់មន្ត្រីអ្នកនាំពាក្យតំណាងក្រសួងស្ថាប័នរដ្ឋរបស់កម្ពុជា ដើម្បីបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់។
បទបង្ហាញដែលបានធ្វើឡើងក្រោមប្រធានបទសំខាន់ៗចំនួន៤ គឺ ១ វិធីសាស្ត្ររបស់អ្នកនាំពាក្យ ទី២ ចិត្តសាស្ត្រមនុស្ស និងព័ត៌មាន ទី៣ តួនាទី និងការទទួលខុសត្រូវរបស់ប្រភពព័ត៌មាន និងទី៤ ប្រសិទ្ធភាពនៃការឆ្លើយតបរបស់មន្ត្រីអ្នកនាំពាក្យទៅកាន់អ្នកសារព័ត៌មាន ដែលចែករម្លែកបទពិសោធន៍ដោយ ឯកឧត្តម ហ៊ុយ វណ្ណៈ, លោក ប៉ែន បូណា, លោក សោម សត្តនា និងឯកឧត្តម នេត្រ ភក្ត្រា ដែលសុទ្ធសឹងតែជាអ្នកសារព័ត៌មាន និងអ្នកនាំពាក្យដែលមានបទពិសោធន៍នៅក្នុងវិស័យព័ត៌មាន និងទំនាក់ទំនងជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មាន៕ ប្រភពពី៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស