កាហ្វេលាយថ្មពិលនៅវៀតណាមកាន់តែបែកធ្លាយ
សារព័ត៌មាន Cambodia News/
វៀតណាម ៖ កាសែតនគរបាលប្រជាជនវៀតណាម(Cong An Nhan Dan)បាននិយាយកាលពីថ្ងៃអង្គារទី២៤មេសាថា ប៉ូលិសវៀតណាមបានចាប់ខ្លួនមនុស្ស៥នាក់ពីបទសង្ស័យថាបានប្រើវត្ថុធាតុគីមីក្នុងថ្មពិលប្រើហើយដើម្បីធ្វើអោយគ្រាប់កាហ្វេឡើងខ្មៅ។
របាយការណ៍បាននិយាយថា ជនសង្ស័យ៥នាក់ដឹកនាំដោយឈ្មោះ ង្វៀន ធី ថាញ់ ល័ន អាយុ៤៣ឆ្នាំ ត្រូវបានចាប់ខ្លួនចំពោះការរំលោភច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារក្រោយប៉ូលិសបានរកឃើញការហ្វេខ្មៅលាយថ្មពិលខូច។
ប៉ូលិសបានរឹបអូសយកបានទឹកខ្មៅសំរាប់ជ្រលក់កាហ្វេ៤០លីត្រ ជាមួយកាហ្វេជ្រលក់ទឹកថ្មពិលហើយចំនួន២១តោន និងថ្មពិលប្រើហើយជាង២០០គីឡូក្រាមនៅផ្ទះរបស់ចែ ល័នក្នុងខេត្តដាកណុងដែលជាតំបន់ផលិតកាហ្វេធំបំផុតរបស់វៀតណាម។ខេត្តនេះក៏ដាំម្រេចច្រើនជាងគេផងដែរ។
កាសែតរបស់ក្រសួងសន្តិសុខសាធារណៈនេះបាននិយាយថា ចែ ល័នបានលក់កាហ្វេលាយថ្មពិលនេះចំនួន៣តោនទៅអោយក្រុមហ៊ុនលក់ម្រេចមួយនៅក្នុងខេត្តប៊ីញ ភួក ជាប់គ្នានោះ៕