ចាក់សម្លាប់ប្រពន្ធ ហើយប្រឹងរត់បានប្រហែល២គីឡូម៉ែត្រ ខ្យល់គរស្លាប់
សារព័ត៌មាន Cambodia News/
កំពង់ចាម ៖ ស្ត្រីម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមគួរឱ្យរន្ធត់បន្ទាប់ពីជនសង្ស័យជាប្តីបានយកកូនកាំបិតចុងចាក់ចំបំពង់ក ខណៈដែលប្តីដែលចាក់ប្រពន្ធស្លាប់ ហើយភ័យប្រឹងរត់គេចពីកន្លែងកើតហេតុបានប្រហែល២គីឡូម៉ែត្រក៏កើតខ្យល់គរស្លាប់ផងដែរ។ ករណីឃាតកម្មខាងលើបានកើតឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ចន្លោះម៉ោងប្រហែល២ទៅ៣យប់ នៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សាកសពទី១-ឈ្មោះ ឡាច ធា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាប្តី មានទីលំនៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តាមការពិនិត្យពុំមានស្នាក់ស្នាមអ្វីទេ ការវាយតម្លៃរបស់ គណៈកម្មាធិការ និងពេទ្យជំនាញបានសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គរ។
ចំណែកសាកសពទី២-ឈ្មោះ ស ស្រីនាង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធ មានទីលំនៅភូមិ អំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តាមការសន្និដ្ឋានរបស់ជំនាញពេទ្យបញ្ជាក់ថា ស្លាប់ដោយសារប្តីជាអ្នកចាក់សម្លាប់។
តាមការបំភ្លឺពីបងស្រី រួមនឹងអ្នកជិតខាងក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ឈ្មោះ ឡាច ធា ផឹកស្រាច្រើនរាល់ថ្ងៃ (ស្រវឹងខួប) អត់ហូបបាយប្រហែល៣ថ្ងៃហើយ មានជំងឺប្រព័ន្ធប្រសាទលេបថ្នាំសរសៃប្រសាទ, ជំពាក់ប្រាក់គេច្រើន, ហើយចេះតែឈ្លោះប្រចណ្ឌប្រពន្ធសឹងរាល់ថ្ងៃ។
ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតជំនាញបានធ្វើការវាយតម្លៃសន្និដ្ឋានបានថា បុរសជាប្តីបានប្រើប្រាស់កាំបិតចុងស្រួចចាក់ទៅលើប្រពន្ធឈ្មោះ ស ស្រីនាង អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ត្រូវចំបពង់កបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង ក្រោយពីសម្លាប់ហើយបាន រត់គេចខ្លួនចេញពីកន្លែងកើតហេតុបានចម្ងាយប្រហែល២គីឡូម៉ែត្រក៏ដួលដាច់ខ្យល់គរស្លាប់ខ្លួនឯងតែម្តង៕