សម្ដេចតេជោជួយសាងសង់ដំបូល និងតួផ្សារច្បារអំពៅឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មិនា ២០១៨) ៖ លោកអភិបាលរាជធានីភ្នំពេញបានប្រកាសនៅចំពោះមុខអាជីវករផ្សារច្បារអំពៅថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានសម្រេចរួចហើយឱ្យមានការសាងសង់ផ្សារច្បារអំពៅឡើងវិញ។ចំពោះដំបូលនិងតួផ្សារទាំងមូលគឺសម្តេចជាអ្នកចេញលុយសង់ទាំងស្រុងជំនួសអាជីវករទាំងអស់។ចំណែកអាជីវករត្រូវសាងសង់តូបឡើងវិញដោយខ្លួនឯងរៀងៗខ្លួន។
ការប្រកាសរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ខែមីនា ក្នុងពេលលោកដឹកនាំមន្ត្រីនិងអាជ្ញាធរនាំយកកាដូរបស់សម្ដេចតេជោមកប្រកាសជូនអាជីវករផ្សារច្បារអំពៅនិងចុះសួរសុខទុក្ខផងពិនិត្យមើលស្ថានភាពផ្សារច្បារអំពៅបន្ទាប់ពីអគ្គិភ័យឆាបឆេះអស់រាប់រយតូបកន្លងមកនោះផង។
លោកឃួង ស្រេង បានបញ្ជាក់នៅចំពោះមុខអាជីវករដែរថាចំពោះការសាងសង់ផ្សារច្បារអំពៅឡើងវិញគឺមិនឱ្យមានការដំឡើងចំនួនតូបឡើយ ។បើបងប្អូនណាទទួលបានព័ត៌មានថាមានការដំឡើងចំនួនតូបលើសពីចំនួនតូបដែលបានឆេះនោះសូមរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ,អាជ្ញាធរនឹងមានវិធានការភ្លាម។
លោកបន្តទៀតថាក្រៅពីសម្ដេចតេជោ ហ៊ុន សែន ជួយធ្វើការសាងសង់តួផ្សារឱ្យហើយនោះខាងរដ្ឋបាលរាជធានីភ្នំពេញក៏នឹងជួយកសាងផ្លូវបេតុងជុំវិញផ្សារ ចាក់សាបក្នុងផ្សារឱ្យស្អាត និងដាក់ប្រព័ន្ធលូបង្ហូរទឹកចេញក្រៅផ្សារឱ្យថែមទៀតផង។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងឱកាសនោះលោក ឃួង ស្រេងបានសំណូមដល់អាជីវករទាំងអស់ជួយចូលរួមលើបញ្ហាអនាម័យបរិស្ថាន ក្នុងផ្សារឱ្យបានល្អនិងមានសោភ័ណភាព៕