ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យបង្កើតគណបក្ស កែម ឡី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ មីនា ២០១៨) ៖ ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យប្អូនលោក កែម ឡី បង្កើតគណបក្សដោយដាក់ ឈ្មោះ កែម ឡី នោះទេ ដោយហេតុផលថា វាផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ ។ នេះបើយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ។
មន្ត្រីរូបនោះបញ្ជាក់ថា ក្រសួងមហាផ្ទៃមិនជំទាស់ចំពោះការស្នើសុំបង្កើតគណបក្សថ្មីទេ ប៉ុន្តែឈ្មោះគណបក្ស កែម ឡី នេះមិនត្រឹមត្រូវតាមច្បាប់ថ្មីស្តីពីគណបក្សនយោបាយ តាមមាត្រាទី១១ ព្រោះថា ឈ្មោះរូបវ័ន្តបុគ្គល និងរូបភាពរូបវ័ន្តបុគ្គល ត្រូវបានច្បាប់ហាមឃាត់មិនឲ្យយកមកប្រើប្រាស់។
គួរម្លឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើតសព លោកបណ្ឌិត កែម ឡី បានប្រកាសបង្កើតគណបក្សនយោបាយ ថ្មីមួយដែលមានឈ្មោះថា គណបក្ស កែម ឡី ដែលជាឈ្មោះរបស់បងប្រុសរបស់លោក ដើម្បីចូលរួមការបោះឆ្នោត នីតិកាលទី៦ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ៕