ធី សុវណ្ណថា ជាប់ទៅប្រកួតសម្រស់នៅកូរ៉េដោយស្វ័យប្រវត្តិ
សារព័ត៌មាន Cambodia News/
កញ្ញា ធី សុវណ្ណថា ដែលតែងតែចូលរួមសកម្មភាពនយោបាយនាពេលកន្លងមក បានចូលរួមប្រកួតកម្មវិធីប្រឡងសម្រស់អន្តរជាតិ«Queen of the Spa» រៀបចំឡើងនៅ «សោនក្លឹប» ជាព្រឹត្តិការណ៍ដ៏ធំត្រៀមទៅប្រកួតនៅប្រទេសកូរ៉េ ដោយខាងកម្ពុជា រៀបចំចម្រាញ់បេក្ខនារីសម្រាប់ទៅចូលរួម ហើយបេក្ខនារីជ័យលាភីនឹងក្លាយជាតារាក្នុងវិស័យសិល្បៈភាពយន្តកូរ៉េ ។
ការប្រឡងដ៏ធំគ្រោងធ្វើឡើងនៅប្រទេសកូរ៉េដែលកញ្ញាឯកចូលរួមភាគច្រើនពីប្រទេសតំបន់អាស៊ាន ដែលមានបេក្ខនារីចូលរួមការប្រកួតចំនួន៤៥នាក់នោះគណៈកម្មការជ្រើសរើសយកតែ១៥នាក់ទេ ។ទោះជាយ៉ាងណាក្តីបេក្ខនារីទាំង១៥នាក់នោះ គណៈកម្មការនៅមិនទាន់សម្រេចជ្រើសរើសនៅឡើយទេគឺរង់ចាំការបោះឆ្នោតតាមអនឡាញបន្ថែមទៀត ។
ដោយឡែកតែកញ្ញាធី សុវណ្ណថា ត្រូវគណៈកម្មការសម្រេចជ្រើសរើសយកទៅប្រកួតនៅប្រទេសកូរ៉េដោយស្វ័យប្រវត្តិតែម្ដង ។ ក្នុងការប្រឡងនារាត្រីនោះកញ្ញា ធី សុវណ្ណថា បានឈរបង្ហាញរាងឱ្យអ្នកសារព័ត៌មានថតរូបទាំងញញឹមរួសរាយ ។នៅលើវេទិកានាងដើរបង្ហាញរាង និងសម្រស់យ៉ាងយកចិត្តទុកដាក់ ។ ធី សុវណ្ណថា មិនបានផ្តល់បទសម្ភាសន៍ទេ ដោយសាររវល់ផ្ចង់ការប្រឡង ហើយសន្យាថា ពេលទំនេរនឹងឆ្លើយប្រាប់មូលហេតុដែលនាងចូលរួមប្រឡងសម្រស់នេះ ៕