មេធាវីលោក សម រង្ស៊ីត្រូវបានសមត្ថកិច្ចចាប់ខ្លួន
មេធាវីការពារក្ដីលោក លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង លោកជូង ជូងី ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលចាប់ខ្លួននៅថ្ងៃ ២៩ ធ្នូ ក្នុងភាពអាថ៌កំបាំង ដែលខាងក្រសួងមហាផ្ទៃ បដិសេធថា គេមិនបានដឹងពីករណីចាប់ខ្លួនទេ តែខាងគណៈមេធាវីអះអាងថា គេយកលោក ជូង ជូងី ទៅឃុំខ្លួនក្នុងក្រសួងមហាផ្ទៃ។
ក្រុមគ្រួសារលោក ជូង ជូងី ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានស្វែងរកលោក ជូង ជូងី នៅតុលាការ ខេត្តកណ្ដាល ព្រោះគេបានដំណឹងថា លោក ជូង ជូងី ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល តែមកទល់ម៉ោងជិត ៦ល្ងាច ថ្ងៃ ២៩ ធ្នូ នេះ ពួកគេ នៅតែមិនឃើញគេបញ្ជូនលោក ជូង ជូងី ទៅតុលាការនោះទេ។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានទាមទារឲ្យខាងតុលាការ ឬខាងក្រសួងមហាផ្ទៃ នៅសាលាដំបូង ខេត្តកណ្ដាល បង្ហាញមូលហេតុឲ្យបានច្បាស់ពីករណីចាប់ខ្លួនលោក ជូង ជូងី នេះព្រោះថា លោកស្រីបានទទួលដំណឹងពីមន្ត្រីនៃឧត្ដមស្នងការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សថា លោក ជូង ជូងី គេយកទៅឃុំខ្លួននៅក្រសួងមហាផ្ទៃ៕