អគារ​​កម្ពស់​៤២​ជាន់មានជីវិត​ឡើងវិញ​ ​ជាមួយ​ទុន​បន្ថែម​១៥០​លាន​ដុល្លារ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៩ មករា ២០១៨) ៖ អគារ​កម្ពស់​៤២​ជាន់ ឬ GOLD TOWER ដែល​ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី​សាងសង់​បន្ត​កាលពី​ថ្ងៃទី​អាទិត្យ​ទី​២៨​ខែមករា​ឆ្នាំ​២០១៨​ម្សិលមិញ ក្រោម​វត្តមាន​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។​

អគារ​កម្ពស់​៤២​ជាន់ ឬ​GOLD TOWER បានចាប់ផ្ដើម​សាងសង់​ឡើងវិញ បន្ទាប់ពី​បាន​ជាប់គាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក​។ ការសាងសង់​បន្ត​នេះ គឺជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន YUNWOO របស់​កូរ៉េ និង​ក្រុមហ៊ុន HONGTAO DECORATION មកពី​ប្រទេស​ចិន​។​

​លោក Liu Nianxin អគ្គនាយក​ក្រុមហ៊ុន HONGTAO DECORATION បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា វត្តមាន​ក្រុមហ៊ុន​របស់លោក នឹង​បំពេញ​ការសាងសង់​បន្ថែ​ម​ដើម្បី​ឈានដល់​ការបញ្ចប់​គម្រោង​ទាំងមូល​នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០​ខាងមុខ​។​ជាមួយគ្នានេះ លោក​បាន​អះ​អាង​ថា គម្រោង​នេះ​នឹង​ពុំមាន​អ្វីដែល​ត្រូវ​រាំងស្ទះ​ទៀត​ទេ ខណៈ​ក្រុមហ៊ុន​របស់លោក មានបទពិសោធន៍​គ្រប់គ្រាន់​ក្នុងប្រទេស​ចិន ហើយ​ចិន និង​កម្ពុជា ក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ផងដែរ​។​

ចំណែក​លោក Kim TaeYeon អគ្គនាយក​ក្រុមហ៊ុន Yunwoo របស់​កូរ៉េ បាន​ឲ្យ​ដឹងថា ការសាងសង់​បន្ត នឹងត្រូវ​ប្រើ​ថវិការ​ជាង​១២០​លាន​ដុល្លារ ដើម្បី​បញ្ចប់​គម្រោង​នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០​ខាងមុខ​។ លោក Kim TaeYeon បាន​អះអាងថា ក្រុមហ៊ុន​បាន​ដោះស្រាយ​ជាមួយ​អតិថិជន​ចាស់ ដោយ​សន្ដិវិធី ហើយ​អតិថិជន​ចាស់​អាច​ទិញ​គម្រោង​ឡើងវិញ ដោយ​ធ្វើ​កិច្ចសន្យា​ថ្មី​។​

សូម​ជំរាប​ថា បច្ចុប្បន្ន​អគារ​កម្ពស់​៤២​ជាន់ ឬ​GOLD TOWER សាងសង់​បាន​៣១​ជាន់​។ អគារ​នេះ ក៏​នឹង​រួមបញ្ចូល​ផ្សារ​ទំនើប ការិយាល័យ​សម្រាប់​ជួល និង​ខុន​ដូ​២៩​ជាន់ សរុប​ជាង​៥០០​បន្ទប់​៕

Related Articles

Back to top button
Close
Close