អ្នកកាសែតខ្មែរ ឈានជើងចូលជំរុំអាស៊ានដើម្បីមានសំឡេងទប់ទល់ និងតតាំងលើវេទិកាបញ្ចេញមតិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មករា ២០១៨) ៖ អ្នកកាសែតខ្មែរមួយក្រុម នឹងនាំគ្នាដើរចូលជំរុំអាស៊ាន នៅចុងសប្តាហ៍នេះ ដើម្បីមានសំឡេងទប់ទល់ និងតតាំងលើវេទិកាបញ្ចេញមតិ ឬវេទិកាស្មេររបស់អ្នកសារព័ត៌មាននៅក្នុងតំបន់។
ជំរុំអាស៊ានរបស់អ្នកសារព័ត៌មានគឺជាសហព័ន្ធអ្នកកាសែតអាស៊ានដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥ ប្រាំបីឆ្នាំក្រោយអាស៊ានត្រូវបានបង្កើត តែសមាគមអ្នកកាសែតកម្ពុជាពុំមានឱកាសដើម្បីចូលរួមស្តាប់ឬចែករំលែកបទពិសោធន៍ម្តងណាឡើយ សូម្បីខ្លឹមសារគេជួបប្រជុំគ្នាម្តងៗ ក៏យើងពុំបានដឹងដែរ ។ ប៉ុន្តែចាប់ពីដើមឆ្នាំ២០១៨នេះទៅ អ្នកកាសែតខ្មែរចាប់ផ្តើមមានសំឡេងមួយស្មើគ្នា អាចជជែករកខុសរកត្រូវជាមួយនឹងអ្នកកាសែតមកពី៧ប្រទេសទៀតនៅក្នុងតំបន់។
លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា (កអក) នឹងចេញដំណើរទៅប្រទេសថៃនៅថ្ងៃពុធនេះ ជាមួយសហការីមួយចំនួនទៀតរួមមាន លោក លាង ដឺលុច, លោក នៅ សម្ផស្ស និងលោក ខៀវ កូឡា ជាគណៈនាយករបស់ កអក ដើម្បីចូលរួមទទួលនូវការប្រកាសជាផ្លូវការនៃការបញ្ចូល «កអក» ទៅក្នុងសហព័ន្ធអ្នកកាសែតអាស៊ាន (CAJ) ។
CAJ នឹងបើកកិច្ចប្រជុំធំ២ឆ្នាំម្តងរបស់ខ្លួន (មហាសន្និបាត) ចាប់ពីថ្ងៃ២៤-២៧ ហើយនៅរសៀលថ្ងៃទី២៦ខាងមុខនេះ CAJ នឹងប្រកាសបញ្ចូល «កអក» ជាសមាជិកទី៨ របស់ CAJ ។ លោក ពុយ គា នឹងត្រូវឡើងថ្លែងពីសភាពការណ៍សារព័ត៌មាននៅកម្ពុជា និងតួនាទីរបស់ កអក ។ នៅសល់សមាគមអ្នកកាសែតមកពី២ប្រទេសទៀត គឺភូមា និងប្រ៊ុយណេ ដែលពុំទាន់បានចូលជាសមាជិក CAJ ។
ឆ្លើយតបនឹងសំណួរថា តើអ្នកកាសែតខ្មែរបានផលប្រយោជន៍អ្វីពីការចូលជាសមាជិករបស់សមាគមអ្នកកាសែតអាស៊ាន លោក ពុយ គា បានឆ្លើយថា អ្នកកាសែតខ្មែរពុំអាចគេងយោលអង្រឹង នៅពេលអ្នកកាសែតមកពីប្រទេស៧ទៀតក្នុងតំបន់អាស៊ានគេនិយាយពីខ្មែរ ទោះក្នុងបរិបទអាក្រក់ឬល្អក៏យើងមានសម្លេងស្មើគ្នា ដើម្បីជជែកវែកញែកជាមួយអ្នកកាសែតទាំងនោះ ។ លោកបន្តថា សូម្បីសមាគមអ្នកកាសែតចិន នៅក្រៅតំបន់អាស៊ាន ក៏គេនៅតែប្រឹងប្រែងសុំចូលជាសមាជិកអង្កេតការណ៍របស់ CAJ ដែរ ចុះហេតុអ្វីយើងត្រូវ «គេងស្តាប់ភ្លេង»។
CAJ ត្រូវបានបង្កើតឡើងដោយសមាគមអ្នកកាសែតមកពី៥ប្រទេស ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងសឹង្ហបុរី ក្រោយមកមានវៀតណាម និងឡាវ ។
ក្លិបអ្នកកាសែតកម្ពុជា មានសមាជិកគណៈនាយកចំនួន៩រូប រួមទាំងលោក ប៉ែន បូណា ដែលជាប្រធានក្លិប លោក ពុយ គា អគ្គលេខា, លោក ខៀវ កូលា អ្នកនាំពាក្យ, និងលោក ឆាយ សុផល, លោក ជេត សន, លោក ទាវ សារមុន្នី និងលោក ខាន់ សុឃន ជាសមាជិកគណៈកម្មាធិការនាយក រួមទាំងមានសមាជិក ស្ថាបនិក និងសមាជិកសកម្មប្រមាណ៤០០នាក់ ៕