ភ្លៀងកក់ខែបន្តធ្លាក់រាយប៉ាយចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០មករា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មករា ២០១៨) ៖ កម្ពុជានៅតែបន្តទទួលខ្យល់ដែលបក់មកពីទិសខាងកើត និងឥទ្ធិពលរបស់ខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ ដែលក្ខណៈបែបនេះ បង្កឲ្យរាជធានី-ខេត្តចំនួន១១ មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិច ទៅបង្កួរ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្តីដដែលបញ្ជាក់ថា រាជធានីខេត្តទាំង១១នោះរួមមាន ៖ ១៖ តំបន់មាត់សមុទ្រ មានខេត្តកែប កំពត ព្រះសីហនុ និងកោះកុង មានភ្លៀងកក់ខែ ធ្លាក់ពីមធ្យមទៅបង្គួរ។ ២៖ តំបន់ទំនាបកណ្តាល មានរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំ នឹងមានភ្លៀងកក់ខែធ្លាក់ពីតិច ទៅមធ្យម៕