សម្តេច​តេ​ជោ ហ៊ុន សែន​៖ ឆ្នាំ ២០១៨ ត្រូវតែ​ជា​ឆ្នាំ ដែលមាន​ការអភិវឌ្ឍ​ល្អ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១៦ មករា ២០១៨) ៖​ ក្នុង​ពិធី​សម្ភោ​ធ​អគារ​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា ឆ្នាំ​២០១៨​នេះ​ត្រូវខិតខំ​ធ្វើ​​យ៉ាងណា​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាកា​ន់ ​តែ​រឹងមាំ កាន់តែ​លូតលាស់ ធ្វើ​ឲ្យ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​របស់​យើង​កាន់តែ​ត្រូវបាន​ធានា។

​សម្តេច​តេ​ជោ​ បាន​បន្ត​ថា​ ​ឆ្នាំ ២០១៨ ត្រូវតែ​ជា​ឆ្នាំ ដែលមាន​ការអភិវឌ្ឍ​ល្អ​ព្រោះ​ជា​ឆ្នាំ​ដំណាក់កាល​ចុងក្រោយ ​នៃ​នីតិកាល​ទី​៥ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​នីតិកាល​ទី​៦។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សង្ឃឹមថា «​ការបោះឆ្នោត​ព្រឹទ្ធសភា​អាច​មា​​ន​ត្រឹមតែ ៤ គណបក្ស​តែប៉ុណ្ណោះ តែ​ខ្ញុំ​កំពុង​មើល​ឃើញថា បោះឆ្នោត​សាកល នៅ​ថ្ងៃទី ២៩ ខែកក្កដា ២០១៨ និង​មាន​គណបក្ស​ច្រើន ចូលរួម​បោះឆ្នោត »​។​
​ ​
​ជាមួយនេះ សម្តេច​តេ​ជោ ក៏បាន​បង្ហាញ​ពី​ការបញ្ចប់​ការ​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច ដែល​អាច​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៨ គឺ​បាន​ន័យ​ថា សម្តេច នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី រយៈពេល ២ អាណត្តិ​ទៀត​។ សម្តេច​បានចាត់ទុក​ថា​នេះ​ជាការ​ប្តេជ្ញាចិត្ត​របស់​​សម្តេច​រួចហើយ​។

សម្តេច​តេ​ជោ បាន​បន្តថា អាណត្តិ​នាយករដ្ឋមន្ត្រី គ្មាន​ការកំណត់​ទេ ព្រោះ​នាយករដ្ឋមន្ត្រី គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​បោះ​​ឆ្នោត​ឲ្យ​រដ្ឋសភា ។ វា​ខុសពី​ប្រធានាធិបតី ដែល​បោះឆ្នោត​ដោយផ្ទាល់​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បន្តថា​សម្តេច​បាន​កាន់​​តំណែង​ជា​នាយករដ្ឋមន្ត្រី ៣៣ ឆ្នាំ​ហើយ ដូចនេះ បើ​ថែម​១០​ឆ្នាំ​ទៀត ក៏​មិនទាន់​ចាស់​ទៅណា​ដែរ​។

​សម្តេច​បានបង្ហាញ​ពី​គោលបំណង​ដែរ​ថា សម្តេច​បន្ត​កាន់តំណែង​រយៈពេល​១០ ឆ្នាំ​ទៀត គឺ​ក្នុង​គោលបំណង​អមដំណើរ​ជាមួយ​ប្រជាជន​​កម្ពុជា ដើម្បី​ចូលទៅ​ឲ្យ​កៀក​ជាមួយនឹង​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ ។ បើ​គិតពី​អាណត្តិ នៃ​សភា ២​អាណត្តិ គឺ​ឆ្នាំ​២០២៨ ទើប​សម្តេច​ដកខ្លួន​ចេញ ៕

​ ​
​​

Related Articles

Back to top button
Close
Close