ប៉ូលិសទុយនីស៊ីចាប់ខ្លួនមនុស្ស២៣៧នាក់បន្ទាប់ពីមានការប៉ះទង្គិច
សារព័ត៌មាន Cambodia News/
ទុយនីស៊ី (១១ មករា ២០១៨) ៖ មន្ត្រីក្រសួងមហាផ្ទៃទុយនីស៊ីបាននិយាយកាលពីថ្ងៃពុធថា ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន២៣៧នាក់ រួមទាំងអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធអ៊ីស្លាម២នាក់ចំពោះការវាយប្រហារទៅលើស្ថានីយប៉ូលិស និងអគាររដ្ឋាភិបាលជាច្រើនកន្លែង និងការបំផ្លាញទ្រព្យសម្បត្តិផ្សេងៗទៀតនៅក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។
សាលារៀនជនជាតិ ជ្វីហ្វ (Jewish) មួយកន្លែងក៏ត្រូវបានរងការវាយប្រហារផងដែរបន្ទាប់ពីបាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិកខាងជើងមួយនេះកាលពីថ្ងៃអង្គារ នៅពេលដែលប្រជាពលរដ្ឋបានធ្វើការតវ៉ាប្រឆាំងទៅនឹងការដំឡើងថ្លៃ និងដំឡើងពន្ធថ្មីដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលកាលពីថ្ងៃទី០១ ខែមករា។
សូមបញ្ជាក់ថា ការតវ៉ាដែលចាប់ផ្តើមពីទ្រង់ទ្រាយតូចមួយនោះបានបណ្តាលឲ្យរីករាលដាលដល់សង្កាត់ជាង២០នៅទូទាំងប្រទេសទុយនីស៊ី និងបានបង្កឲ្យអ្នកតវ៉ាម្នាក់ស្លាប់កាលពីថ្ងៃច័ន្ទ៕