មជ្ឈដ្ឋានទូទៅមើលឃើញថាការប្រឡងបាក់ឌុបឆ្នាំនេះហាក់ដូចជាមានលក្ខណៈធូររលុង
ដោយ៖ ហេង នាង
Cambodia News
នៅព្រឹកថ្ងៃទី០៨ សីហា ២០១២ ដែលជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១២ត្រូវ បានបញ្ចប់គេសង្គេតឃើញ ថា នៅខាងក្រៅតាមមណ្ឌលប្រឡងជាច្រើនកន្លែងភាពរញ៉េរញ៉ៃ គឺដែល អ្នកជួយបោះប្រ៊ីយ៉ុងជាច្រើនបានដឹងពីសំណួរ ចម្លើយ ជារួចក៏នាំគ្នាថតចម្លង ឯកសារសំណួរ ចម្លើយ គ្រប់មុខវិជ្ជាទាំងនោះបញ្ជូនឲ្យដល់ដៃបេក្ខជនប្រឡងនៅក្នុងថ្នាក់នីមួយៗយ៉ាង ប្រសេកប្រសាច។
ក្រៅពីប្រ៊ីយ៉ុងពីខាងក្រៅបន្ទប់ប្រឡងក៏មានសំណួរចម្លើយគ្រប់មុខវិជ្ជាជាច្រើនទៀតដែលអាណាព្យាបាលសិស្ស ឬបងប្អូនបញ្ជូន ទៅឲ្យតាមប្រព័ន្ធទូរស័ព្ទទំនើបៗដល់ដៃបេក្ខជនប្រឡងនៅក្នុងបន្ទប់ ។ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ នេះ ត្រូវបានមជ្ឈដ្ឋានទូទៅ មើលឃើញថា ហាក់ដូចជាមានលក្ខណៈធូររលុង។
មជ្ឈដ្ឋានទូទៅបានរិះគន់ថា យកល្អពេលប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ នៅឆ្នាំក្រោយៗ ទៀត គួរតែមិនត្រូវអនុញ្ញាត ឲ្យបេក្ខជនយកទូរស័ព្ទ ឬសម្ភារៈទំនើបផ្សេងៗចូលក្នុង បន្ទប់ប្រឡង ឡើយ ព្រោះថាការបញ្ជូនប្រ៊ីយ៉ុងតាមរយៈតាមប្រព័ន្ធ ទូរស័ព្ទ អ៊ីនធឺណិត បណ្តាញសង្គម ហ្វេសប៊ុក និងសារអេឡិចត្រូនិច គឺវាហាក់ដូចជាមានភាពងាយ ស្រួលបំផុតសម្រាប់ពួក គេ៕