ក្រសួងសុខាភិបាល ៖ ជំងឺផ្តាសាយបក្សី H5N1 រាលដាលដល់ខេត្តកំពង់ធំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ តាមរយៈបណ្តាញសង្គម Facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានប្រកាសថា ពេលនេះជំងឺផ្ដាសាយបក្សី H5N1 បានផ្ទុះរាលដាល ដល់ស្រុកស្ទោង នៅខេត្តកំពង់ធំថែមទៀត បន្ទាប់ពីវាយលុកនៅក្នុងស្រុកព្រៃឈរ និងស្រុកចំការលើ នាខេត្តកំពង់ចាមកន្លងទៅនោះ ប៉ុន្តែករណីថ្មីនេះ អ្នកជំនាញពុំទាន់រកឃើញថា មានការឆ្លងទៅលើមនុស្សនៅឡើយទេ។
នៅលើបណ្តាញសង្គមរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានសរសេរថា «ថ្មីៗនេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1 កើតលើសត្វបក្សីជាបន្តបន្ទាប់គឺផ្ទុះនៅស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកស្ទោង ខេត្តកំពង់ធំ ករណីផ្ទុះទាំងបីនេះ ពុំទាន់រកឃើញ មានការឆ្លងមកលើមនុស្សនៅឡើយទេ តែមន្ត្រីជំនាញ ក្រសួងសុខាភិបាល កំពុងបន្តតាមស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខភាពមនុស្ស»។
សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងសុខាភិបាលចាប់តាំងពីឆ្នាំ ២០០៥ ដល់២០១៤ ប្រទេសកម្ពុជាធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សី មកមនុស្ស ចំនួន៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់បាត់បង់ជីវិត។ ឆ្នាំ២០១៣ ជំងឺនេះបានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និងក្នុងឆ្នាំ២០១៤ មាន៩ករណី និង៤ករណីបានស្លាប់៕ ដោយ៖ សហការី