អាកាសធាតុនឹងផ្ដើមត្រជាក់ខ្លាំងចាប់ពីពាក់កណ្ដាលខែធ្នូ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ វិច្ឆិកា ២០១៧) ៖ សីតុណ្ហភាពដែលរៀងរាល់ចុងឆ្នាំធ្លាប់តែ ១៩ ឬ ២០អង្សាសេតែនៅចុងឆ្នាំឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ សីតុណ្ហភាពនឹងចាប់ផ្ដើមត្រជាក់ខ្លាំងជាងរាល់ឆ្នាំ អាចនឹងធ្លាក់ដល់ខ្ទង់ជាង ១០អង្សាសេ ក្នុងតំបន់ជួរភ្នំ និងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យនៃប្រទេសកម្ពុជា។
តាមការឲ្យដឹងពី លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក អំឡុងចុងខែវិច្ឆិកា ដល់ដើមខែធ្នូ ឆ្នាំ២០១៧នេះ អាកាសធាតុមានស្ថានភាពធម្មតា ដែលមិនត្រជាក់ខ្លាំងពេកទេ បើទោះជាមានអ័ព្ទច្រើននៅពេលព្រឹក ហើយនៅមានភ្លៀងតិចតូចដោយតំបន់ក្ដី។ ក៏ប៉ុន្ដែចាប់ពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧ ដល់ចុងខែមករា និងចូលដល់ដើមខែកុម្ភៈ ឆ្នាំ២០១៨ អាកាសធាតុនឹងត្រជាក់ខ្លាំងដល់ជាង ១០អង្សាសេ។
លោកបញ្ជាក់ថា តំបន់ដែលនឹងមានអាកាសធាតុចុះត្រជាក់ខ្លាំងដូចនេះ រួមមានតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវ៉ាញ និងតំបន់ទំនាប់កណ្ដាលភាគពាយ័ព្យ ដែលមានដូចជាខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្ដសៀមរាប។
លោក ចាន់ យុត្ថា អំពាវានាវដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈឲ្យហើយ ដើម្បីការពារសុខភាពនៅពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំងឈានមកដល់ ពិសេសគឺមនុស្សចាស់ ដែលងាយនឹងប្រឈមបញ្ហសុខភាពមុនគេ៕