បំផ្ទុះគ្រាប់បែកនៅកន្លែងប្រមូលផ្ដុំនយោបាយនៅអាហ្វហ្គានីស្ថានសម្លាប់មនុស្ស៩នាក់
សារព័ត៌មាន Cambodia News/
អាហ្វហ្គានីស្ថាន (១៧ វិច្ឆិកា ២០១៧) ៖ មនុស្សយ៉ាងតិច៩នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅកន្លែងប្រមូលផ្ដុំនយោបាយមួយនៅទីក្រុងកាប៊ូលប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
មន្ត្រីនាំពាក្យប៉ូលិសនៅទីក្រុងកាប៊ូលបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនេះគឺមានមន្ត្រីប៉ូលិសចំនួន៧នាក់និងជនស៊ីវិលចំនួន២នាក់ ខណៈមន្ត្រីប៉ូលិសចំនួន៧នាក់ និងជនស៊ីវិលចំនួន៣នាក់ទៀតបានរងរបួសដោយការវាយប្រហារនេះ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃលោក ណាជីប ដានីស បាននិយាយថា អ្នកវាយប្រហារបានចុះបំផ្ទុះគ្រឿងផ្ទុះនៅច្រកចូលទៅកន្លែងដែលគេកំពុងរៀបចំពិធីអាពាហ៍ពិពាហ៍មួយ។
ទីភ្នាក់ងារព័ត៌មាននៅប្រទេសនេះបាននិយាយថា ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ហើយក្រុមតាលីបង់បានបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធនឹងការវាយប្រហារនេះទេ៕