អាកាសចរណ៍អាម៉េរិកដកចេញបម្រាមលើការប្រើគ្រឿងអេឡិចត្រូនិកក្នុងពេលហោះហើរ
រដ្ឋបាលអាកាសចរណ៍របស់សហរដ្ឋ អាម៉េរិក Federal Aviation Administrationហៅកាត់ជាអង់គ្លេសថា FAA បានដកចេញនូវបម្រាមអចិន្រ្ដៃយ៍មួយជុំវិញការប្រើប្រាស់សម្ភារៈ អេឡិចត្រូនិចនៅលើយន្តហោះ។
អ្នកធ្វើដំណើរ នឹងបានការអនុញ្ញាតឡើងវិញឲ្យប្រើប្រាស់ទូរស័ព្ទដៃទំនើបៗ និងឧបករណ៍ចល័ត ដើម្បីលេងហ្គេម និងអានអ្វីៗដែលបានទាញយកពីអ៊ីនធើរណិតដូចជាអានសៀវភៅអេឡិច ត្រូនិច និងប្រតិទិនក្នុងអំឡុងពេលហោះហើរ ដោយរួមទាំងពេលចេញដំណើរ និងការចុះចតផងដែរ។ ក៏ប៉ុន្តែ សម្រាប់ការនិយាយទូរស័ព្ទក្នុងពេលហោះហើរវិញ អាជ្ញាធរនៅតែបន្តដាក់បម្រាមមិនឲ្យនិយាយតាមទូរស័ព្ទដដែល។
អាជ្ញាធរ អាកាសចរណ៍អាម៉េរិកនិយាយផងដែរថា ច្បាប់ថ្មីនេះនឹងមិនមានសុពលភាពក្នុងពេលដែលមានស្ថានភាពអាកាស ធាតុមិនអាចមើលឃើញផ្លូវច្បាស់លាស់ គឺនៅពេលដែលអាកាសយានិកផ្តល់ការណែនាំពិសេសផ្សេងៗនោះទេ។
ច្បាប់ថ្មីនេះមានប្រសិទ្ធភាពទៅលើក្រុមហ៊ុនអាការចរណ៍អាម៉េរិក ជាច្រើន ដែលធ្វើការហោះហើរទាំងក្នុងប្រទេស និងក្រៅប្រទេស។
ជាមួយ គ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្ដាលីនិយាយថា ការសម្រេចចិត្តរបស់ អាជ្ញាធរអាកាសចរណ៍អាម៉េរិក គឺជារឿងគួរឲ្យចាប់អារម្មណ៍។
អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍ ស៊ីវិលអូស្ត្រាលី (CASA) និយាយថា ខ្លួនទំនងជានឹងមិនប្រឆាំងឡើយទៅនឹងការដកចេញនូវបម្រាមចំពោះ ក្រុមហ៊ុនអាកាសចរណ៍ ដែលអនុញ្ញាតឲ្យមានការប្រើប្រាស់សម្ភារៈអេឡិចត្រូនិច ឬទូរស័ព្ទដៃក្នុងពេលហោះហើរឡើងវិញនោះ។
អ្នកនាំពាក្យ ម្នាក់របស់អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍ស៊ីវិលអូស្ត្រាលីនិយាយថា ក្នុងប្រទេសអូស្ត្រាលីមិនមានច្បាប់ហាមឃាត់មិនឲ្យប្រើ ទូរស័ព្ទដៃពេលហោះហើរឡើយ ក៏ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសកន្លងមកតែងតែអនុវត្ត គោលការណ៍អន្តរជាតិ។
អ្នកនាំពាក្យម្នាក់នេះបន្ថែមថា ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍សម្រេចប្តូរច្បាប់របស់ពួកគេ នោះអាជ្ញាធរអូស្រ្តាលី ពិបាកនឹងបដិសេធណាស់។
សេចក្តីថ្លែង ការណ៍មួយពីក្រុមហ៊ុនអាកាសចរណ៍ Qantas និយាយថា ការសម្រេចចិត្តរបស់ អាជ្ញាធរអាកាសចរណ៍អាម៉េរិក គឺជារឿងគួរឲ្យចាប់អារម្មណ៍ ហើយថាក្រុមហ៊ុននេះនឹងពិនិត្យមើលការផ្លាស់ប្តូរបទបញ្ជាទាំង នោះ៕ (Radio Australia)