សម្តេចតេជោ អរគុណតំណាងរាស្ដ្រនិងមន្ត្រី CNRP ដែលសុំចូលរួមជីវភាពនយោបាយជាមួយ CPP
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ វិច្ឆិកា ២០១៧) ៖ «អរគុណបងប្អូនសមាជិកសមាជិកាតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានសម្រេចចិត្តចាកចេញពី គណបក្ស CNRP មកចូលរួមបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបម្រើប្រជាពលរដ្ឋនិងចូលរួមកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើន។
សូមបងប្អូនចាប់យកឱកាសនេះអោយបានមុនថ្ងៃប្រកាសសាលដីការដោយតុលាការកំពូលនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ២០១៧ ខាងមុខនេះ»,នេះជាសារនយោបាយថ្មីទៀតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងជាប្រធានគណបក្សកាន់អំណាចCPP ធ្វើឡើងនៅថ្ងៃនេះ។
គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៨១នាក់ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ(CNRP) ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ( CPP )ដោយរាប់ទាំងថ្ងៃនេះមានសមាជិកក្រុមប្រឹក្សាឃុំ ជំទប់ មកពីគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ថ្មីទៀតដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
កាលពីម្សិលមិញសម្តេចតេជោបានឆ្លៀតរំលឹកដល់បងប្អូនក្នុងគណបក្សសង្គ្រោះជាតិថា«តាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃអំពីទោសក្បត់ជាតិនៃមេដឹកនាំគណបក្សសង្គ្រោះជាតិគឺគណបក្សនេះនឹងត្រូវប្រឈមនឹងការរំលាយដោយច្បាប់ប្រទេសនៅថ្ងៃប្រកាសសាលដីការដោយតុលាការកំពូល ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ។
តាមផ្លូវច្បាប់ នៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយហើយ គឺមានសមាជិកនៃគណៈកម្មការនាយក និងគណៈអចិន្ត្រៃយ៍ជាង ១០០រូបគឺនឹងគ្មានសិទ្ឋិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ចំពោះបងប្អូនដែលកំពុងខិតខំបម្រើប្រជាពលរដ្ឋពិតៗដែលមិនបានដឹងនិងចូលដៃជើងជាមួយមេដឹកនាំបក្សក្បត់ជាតិ គឺបងប្អូនមានឱកាសចូលរួមអាជីពនយោបាយបម្រើប្រទេសជាតិជាបន្តជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន។ បងប្អូនមានពេល៩ ថ្ងៃទៀត ដើម្បីចូលរួមកសាងប្រទេសជាមួយ សម្តេចតេជោមុនការប្រកាសសាលដីការដោយតុលាការកំពូលនៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ខាងមុខនេះ។
សូមកុំអោយឱកាសដ៏កម្រនេះកន្លងផុតអោយសោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រីករាយស្វាគមន៍ទទួលបងប្អូនជានិច្ច»៕