រដ្ឋាភិបាល​ចេញអនុក្រឹត្យ​ ​​ផាកពិន័យ​អ្នក​ចោល​សំរាម ដែល​​​មិន​គ្រប់គ្រង​សំណល់​តាម​ការណែនាំ​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៦ កញ្ញា ២០១៥) ៖ រដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​សំរាម​ សំណល់រឹង​ទីប្រជុំជន ចុះហត្ថលេខា​ដោយ​លោកនាយករដ្ឋមន្រ្តី​​ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ខែសីហា ឆ្នាំ​២០១៥ ឲ្យ​ដឹងថា ម្ចាស់សំរាម សំណល់រឹង​ទីប្រជុំជន​ត្រូវអនុវត្ត​ការញែក​និង​​ការ​វេចខ្ចប់សំរាម​ សំណល់រឹង​ដែល​អាច​ប្រើ​ប្រាស់ឡើង​វិញ ឬ​កែច្នៃ​បាន​ដោយ​ឡែកពីសំរាម​ សំណល់រឹង​ដែលត្រូវ​បោះចោល​ទៅតាម​ការណែនាំ​របស់​រដ្ឋបាល​រាជធានី ក្រុង​ ស្រុក ខណ្ឌ។​

បើតាម​អនុក្រឹត្យ បុគ្គល​ដែល​ធ្វើ​ការ​ទុក​ដាក់ វេចខ្ចប់​ឬ​ប្រមូល​និង​ដឹកជញ្ជូន​សំរាម សំណល់រឹង​ទីប្រជុំ​ជន លាយ​​ឡំ​ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម​ សំណល់វេជ្ជសាស្រ្ត​ ឬ​សំណល់គ្រោះថ្នាក់​ ត្រូវ​ពិន័យអន្តរការណ៍​​​ជា​ប្រាក់​ចម្លោះ​ពី​៥០ម៉ឺន​ទៅ​១លានរៀល​។

បុគ្គលដែល​ធ្វើ​អាជីវកម្ម​បូម​សំណល់​ភក់ពីប្រព័ន្ធ​លូ ឬ​ពីអាង​ស៊ិបទឹក ដោយ​មិនមាន​​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ ក្រុង​ ស្រុក ​ខណ្ឌ ឬ​ដឹកយក​ទៅ​បញ្ចេញចោល​ខុសទីកន្លែង​ដែលអាជ្ញាធ​រ​មាន​សមត្ថកិច្ច​បានកំណត់​ ត្រូវ​ពិន័យ​ជាអន្តរការណ៍​ជា​ប្រាក់​ចន្លោះពី​៤០ម៉ឺន​​ទៅ​១លានរៀល។​

ចំណែក​បុគ្គល​ម្ចាស់ឬ​អ្នក​គ្រប់​គ្រង​ទីផ្សារ​ ទីតាំងអាជីវកម្ម​ ទីតាំង​សេវាកម្ម ក្រុម​ហ៊ុន​​ រោងចក្រ​ សហគ្រាស​ សិប្បកម្ម មណ្ឌល​កំសាន្ត មិន​បាន​រៀបចំ​ឲ្យ​មាន​ធុង​សំរាម​នៅក្នុង​ទីតាំង​ឬ​ទីបរិ​វេណ​សម្រាប​ការ​ចោល​សំរាម សំណល់រឹង​ទីប្រជុំជន​របស់អតិថិជន​ ឬ​បុគ្គលិក​របស់ខ្លួន​ ត្រូវពិន័យ​​អន្តរ​ការណ៍ជា​​ប្រាក់​ចំនួន​៤០ម៉ឺនរៀល​។​

ចំពោះ​បុគ្គល​ដែលគេចវេស​មិន​ទទួល​ខុសត្រូវ​លើ​សំរាម សំណល់រឹង​ទី​ប្រជុំជន ដែល​បាន​បង្កើត​ក្នុងពិធី​នានា​​របស់ខ្លួន​ដែល​ត្រូវ​ប្រារព្ធ​នៅលើ​ដង​ផ្លូវ​ឬ​នៅ​លើទីសាធារណៈ​ត្រូវទទួល​ការពិន័យ​ចាប់ពី​២០ម៉ឺនរៀល​ទៅ​​២លានរៀល។ ចំណែក​បុគ្គល​ដុតសំរាម​តាមទីសាធារណៈ​ សំណល់រឹង​ទីប្រជុំជន​នៅ​លើទីសាធារណៈ​​ តាម​ដងផ្លូវ​ ទីវាល​ ដីសកម្មសិទ្ធិ​ឬ​ទីកន្លែង​ដែល​រដ្ឋបាល​រាជធានី​ ខណ្ឌ​ ក្រុង​ ស្រុ​ក ហាម​ឃាត់ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥ម៉ឺនរៀល​ទៅ​១លានរៀល​។

បើ​តាមអនុក្រឹត្យ រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​​ រដ្ឋមន្រ្តីគ្រប់ក្រសួង និង​ប្រធាន​ស្ថា​ប័នពាក់ព័ន្ធ ក្រុម​ប្រឹក្សា​និង​គណៈអភិបាល​ខេត្ត​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗខ្លួន ចាប់ពីថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៥នេះ​តទៅ៕

2

 

Related Articles

Back to top button
Close
Close