មនុស្សស្លាប់កើនដល់២៩នាក់ដោយសារព្យុះទីហ្វុងដំរីនៅវៀតណាម
សារព័ត៌មាន Cambodia News/
ហាណូយ (០៦ វិច្ចិកា ២០១៧) ៖ អាជ្ញាធរវៀតណាមបាននិយាយថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់២៩នាក់ហើយ ខណៈដែលមនុស្ស២៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងខេត្ត Khanh Hoa, Phu Yen, Dak Lak និង Binh Dinh បន្ទាប់ពីព្យុះទីហ្វុងដ៏កំណាចមួយដែលមានឈ្មោះថា ដំរី បានវាយប្រហារភាគកណ្តាលប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
ដោយឡែកបើតាមរដ្ឋមន្ត្រីក្រសួង កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានអះអាងនៅចន្ទនេះថា ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់ នៅក្នុងខេត្តភាគកណ្តាលទាំងបួនខាងលើនេះ នាវាដឹកទំនិញតូច-ធំ និងទូកនេសាទប្រមាណ ២៣០គ្រឿង ក៏ត្រូវបានព្យុះបោកពន្លិចទៅក្នុងសមុទ្រដោយរលកធំៗ និងខ្យល់បោកបក់ខ្លាំងក្លាផងដែរ។
សម្រាប់ការខូចខាតផ្សេងៗទៀតនោះ គឺផលដំណាំ ៣០,០០០ហិកតា ត្រូវបានលិចលង់ទៅក្នុងជំនន់ទឹកភ្លៀងយ៉ាងគំហុក ខណៈផ្ទះ ១,០០០ខ្នង បានដួលរលំទាំងស្រុង, ៤៣,០០០ខ្នងទៀតរបើកដំបូល ឬរងការបំផ្លាញ និងប្រជាជន ៣៣,០០០នាក់ ត្រូវបានជម្លៀស។
សូមបញ្ជាក់ថា ប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang ភាគកណ្តាលប្រទេស ចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា សប្តាហ៍នេះ ហើយក៏មុនដំណើរមកដល់របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ៕