បុណ្យអុំទូកឆ្នាំនេះមានទូកចូលរួមប្រកួត ២៧០ទូក និងប្រទីបចំនួន១៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ តុលា ២០១៧) ៖ អនុរដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា និងជាប្រធានគណៈកម្មការមេប្រយោគ និង ជាអនុប្រធានគណៈកម្មការបច្ចេកទេសសម្រាប់ពិធីបុណ្យអុំទូក លោក ប៊ូ ជុំសេរី បានបញ្ជាក់ឲ្យដឹងថា ទូកដែលចូល មកប្រកួតក្នុងពិធីបុណ្យអ៊ុំទូ អកអំបុក និង សំពះព្រះខែនាសប្ដាហ៍ក្រោយនេះមានចំនួន២៧០ទូក។ នេះជាតួលេខពិត ប្រាកដចុងក្រោយហើយ ។
ការប្រកួតទូកនេះក្រៅពីទូក ពិសេសដែលគិត ចំណាត់ថ្នាក់ទៅតាមថិរវេលានោះសម្រាប់ទូកធម្មតា គឺគិតទៅតាមការឈ្នះប្រចាំថ្ងៃ ។ ទូកដែលឈ្នះ ៣ថ្ងៃជាប់ៗគ្នានឹងបានចំណាត់ថ្នាក់ក្នុងផែនលេខ១ ទូកឈ្នះ ២ថ្ងៃបានចំណាត់ថ្នាក់ក្នុងផែនលេខ២ ទូកដែលឈ្នះបានតែមួយថ្ងៃនោះបានចំណាត់ថ្នាក់ ក្នុងផែនលេខ ៣ និងទូក ដែលមិនឈ្នះសោះនោះចំណាត់ថ្នាក់ក្នុងផែនលេខ៤ ។
លោក ប៊ូ ជុំសេរី បានបញ្ជាក់ថា៖ ចម្ងាយប្រកួតប្រវែង ២.៧០០ម៉ែត្រ ។ ពីចំណុចចេញដំណើរមកដល់កងព័ន្ធទី១មានចម្ងាយ១.០០០ម៉ែត្រ ពីកងព័ន្ធទី១ដល់កងព័ន្ធទី២ចម្ងាយ១០០០ម៉ែត្រ និងពីកងព័ន្ធទី២ដល់ទីផ្ដាច់ព្រ័ត្រចម្ងាយ៧០០ម៉ែត្រ។ ការប្រណាំងមួយថ្ងៃ២ជើងដោយផ្លាស់ប្ដូរខ្សែទឹកគ្នា ៕