រដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ តុលា ២០១៧) ៖ រាជរដ្ឋាភិបាល តាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដើម្បីកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភ័ណភាពក្នុងសង្គម ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៦ តុលា កន្លងមក ។
ប្រភពដដែលបញ្ជាក់ថា អនុក្រឹត្យដែលមាន៣២មាត្រានេះ គឺផ្តោតលើចំណុចសំខាន់ចំនួន៣គឺ ៖
១-ការកំណត់ប្រភេទ ទំហំ កម្រាស់លើថង់ប្លាស្ទិកស្តើងមានដៃយួរ ត្រូវបានហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និងការប្រើប្រាស់ ។
២-ការលើកទឹកចិត្តដល់ការកែច្នៃថង់ប្លាស្ទិក និងការផលិតថង់ ឬសម្ភារវេចខ្ចប់ដែលផលិតពីវត្ថុធាតុងាយពុកផុយ (Biodegradable) ឬជីវប្លាស្ទិក (Bioplastic) ដែលត្រូវដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ ។
៣-ការគិតកម្រៃបន្ថែមដល់អតិថិជនដែលចង់ប្រើប្រាស់ថង់ប្លាស្ទិក ។
ពាក់ព័ន្ធនឹងបញ្ហានេះ អគ្គលេខាធិការនៃសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានឱ្យដឹងថា កន្លងមក មានក្រសួងពាក់ព័ន្ធបានពន្យល់ប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃការប្រើប្រាស់ថង់ប្លាស្ទិក ជ័រ ឬស្នោ ប៉ុន្តែការយល់ដឹងនៅមានកម្រិត ដែលទាមទារឱ្យក្រសួងផ្សព្វផ្សាយព័ត៌មាន និងចាត់វិធានការបន្ថែម ។
យ៉ាងណាក៏ដោយ អនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាលដែលស្នើដោយក្រសួងនេះ បានស្នើយ៉ាងទទូចឱ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់វិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក ។ ចំណែកឯម្ចាស់អាជីវកម្ម និងម្ចាស់សេវាកម្មនានា ដែលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជន ត្រូវស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នឹងទទួលបានការលើកទឹកចិត្តផងដែរ ៕