សម្តេចតេជោ សាទរចំពោះការស្រុះស្រួលគ្នាពីបញ្ហាប្រាក់ឈ្នួលកម្មករ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ តុលា ២០១៧) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អបអរសាទរ ចំពោះការស្រុះស្រួលគ្នា អំពីការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា របស់កម្មករ រហូតដល់១៧០ ដុល្លារសម្រាប់ឆ្នាំ ២០១៨។
ប្រមុខរាជរដ្ឋាភិបាល បង្ហាញការរីករាយសាទរដល់ការគិតគូរពីបញ្ហាដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មកររហូតដល់១៧០ដុល្លារដូចនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧–២០២៥ នៅវិមានសន្តិភាព នៅថ្ងៃទី១០ខែតុលា នេះ។
ការសាទរដល់ការស្រុះស្រួលគ្នាដំឡើងប្រាក់ឈ្នួលដល់កម្មកររហូតដល់១៧០ដុល្លារនោះ សម្តេចមានប្រសាសន៍ថា ដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ រហូតដល់១៧០ ដុល្លារនេះ រាជរដ្ឋាភិបាល បានបន្ថែម៥ដុល្លារផងដែរ។
ការសម្រេចបាននូវការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ រហូតដល់១៧០ដុល្លារ ជាជោគជ័យ ដែលសម្រេចបានលើសពីការគ្រោងទុកតាមរយៈការព្រមព្រៀង ត្រីភាគី រវាងតំណាងថៅកែ រោងចក្រសហគ្រាស តំណាងសហជីពដែលជាភាគីតំណាងឱ្យកម្មករ និយោជិត និងតំណាងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការបោះឆ្នោតរកសំឡេងគាំទ្រកាលពីពេលថ្មីៗនេះ៕