រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ៖ អ្នករាយការណ៍វិទ្យុអាស៊ីសេរី អាចចុះយកព័ត៌មានបាន ប្រសិនបើប័ណ្ណសម្គាល់ខ្លួនរបស់ពួកគាត់នៅមានសុពលភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ កញ្ញា ២០១៧) ៖ ក្នុងពិធីរំឭកខួបនៃការស្លាប់អ្នកកាសែតជាតិ និងអន្តរជាតិ ក្នុងសម័យសង្គ្រាមនៅកម្ពុជាឆ្នាំ១៩៧០-១៩៧៥នៅខាងមុខស្ថានទូតបារាំង នាព្រឹកថ្ងៃទី២៨ កញ្ញា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានលើកឡើងថា អ្នករាយការណ៍វិទ្យុអាស៊ីសេរី អាចចុះយកព័ត៌មានបាន ប្រសិនបើប័ណ្ណសម្គាល់ខ្លួនរបស់ពួកគាត់នៅមានសុពលភាព ប៉ុន្តែបើគ្មានប័ណ្ណទេប្រយ័ត្នមានទោសពីបទផ្សេងៗនៅពេលចុះយកព័ត៌មាននៅកន្លែងរសើប។
លោកបញ្ជាក់ថា នៅកម្ពុជាសេរីភាពសារព័ត៌មាន ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ដូច្នោះលោកថាអ្នករាយការណ៍វិទ្យុអាស៊ីសេរីក៏ដូចជាពលរដ្ឋទូទៅដែរ នៅតែអាចចុះយកព័ត៌មានបាន ដរាបណាប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានរបស់ពួកគេនៅតែមិនទាន់ផុតសុពលភាព។ ប៉ុន្ដែយ៉ាងណា លោករដ្ឋមន្ដ្រីក៏បានរំលឹកដែរថា ករណីបុគ្គលិកវិទ្យុអាស៊ីសេរី គឺអាចប្រឈមនឹងមានទោសបើសិនជាធ្វើសកម្មភាពដើរយកព័ត៌មានបន្តទៀត ដោយអត់មានអាជ្ញាប័ណ្ណ និងប័ណ្ណសម្គាល់ខ្លួនជាអ្នកកាសែត។
គួររម្លឹកថា វិទ្យុអាស៊ីសេរី បានប្រកាសបិទការិយាល័យរបស់ខ្លួននៅភ្នំពេញតាមរយៈសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១២ខែកញ្ញា។ អាស៊ីសេរី បានចោទរដ្ឋាភិបាលកម្ពុជា ថាបានបង្ក្រាបមកលើសំឡេងសារព័ត៌មានឥតស្រាកស្រាន្តក្នុងរយៈពេលចុងក្រោយនេះដោយមិនអនុញ្ញាតឲ្យវិទ្យុអាស៊ីសេរី បន្តបើកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅភ្នំពេញបាន៕