នាយករដ្ឋមន្ត្រី បញ្ជាឲ្យប្រើកញ្ចប់ថវិកាពិសេសដោះស្រាយបញ្ហា គ្រាប់បែកគីមី នៅស្វាយរៀង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ កញ្ញា ២០១៧) ៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យចេនឡា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែនបានថ្លែងបញ្ជាឲ្យប្រើប្រាស់ កញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហា គ្រាប់បែកគីមីចំនួន ២គ្រាប់ នៅក្នុងទឹកដីខេត្តស្វាយរៀង ។
សម្តេចមានប្រសាសន៍ថា “ម្សិលមិញមានការ សួរមតិរបស់ខ្ញុំថា តើប្រើថវិកាខ្ទង់ណា? ខ្ញុំបានចង្អុលបង្ហាញ ឲ្យប្រើថវិកាពិសេស របស់រាជរដ្ឋាភិបាល តែម្ដងទៅព្រោះយើងមាន គណៈកម្មការអាវុធគីមី ឥឡូវហ្នឹងអាវុធគីមី ២គ្រាប់។ គ្រាប់បែកគីមីតែម្ដង ដែលជាអាវុធប្រល័យលោក ដ៏គ្រោះថ្នាក់”។
សម្ដេចបញ្ជាក់ថា កម្ពុជាត្រូវដោះស្រាយបញ្ហាគ្រាប់បែកគីមីនេះ ដោយខ្លួនឯង តាមរយៈគណៈកម្មការជាតិអាវុធគីមី ។ សម្ដេចថា បើតាមការឲ្យយោបល់ ពីគណៈកម្មការអាវុធ បើចង់ដោះស្រាយបញ្ហាអាវុធគីមីនេះ ត្រូវដោះស្រាយមុន សិស្សសាលាចូលរៀនវិញ ព្រោះទីតាំងនេះក្បែរនឹងសាលារៀន និងមួយទៀតក្បែរវត្តអារាម ប៉ុន្តែបើសិស្សចូលរៀន ក៏ជម្លៀសចេញសិនដែរ ៕