ប្រមុខរាជរដ្ឋាភិបាលស្នើរគ្រប់ក្រុមហ៊ុនអនុញ្ញាតិឲ្យស្ត្រីឥស្លាមបានស្លៀកពាក់ឯកសណ្ឋានឥស្លាមនៅកន្លែងធ្វើការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ កញ្ញា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យគ្រប់ក្រុមហ៊ុនទាំងអស់ មិនថា តែក្នុងវិស័យកាត់ដេរនោះទេ គឺត្រូវសម្របសម្រួលអនុញ្ញាតិឲ្យស្ត្រីខ្មែរ-ឥស្លាមស្លៀកពាក់ខោអាវប្រពៃណី ជាពិសេសទទូរក្រមានៅកន្លែងធ្វើការរបស់ពួកគេ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់នៅតំបន់រោងចក្រចាក់អង្រែលើ នៅថ្ងៃទី២៧ កញ្ញា ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចបានឃើញការត្អូញត្អែររបស់ស្ត្រីឥស្លាម ដែលក្រុមហ៊ុនតម្រូវឲ្យពួកគាត់ស្លៀកពាក់ឯកសណ្ឋានរបស់ក្រុមហ៊ុន ដែលស្ត្រីឥស្លាមពិបាកក្នុងការរកការងារធ្វើ ។
សម្តេចបានអំពាវនាវទូទាំងប្រទេសដល់គ្រប់ក្រុមហ៊ុនអនុញ្ញាតិឲ្យស្ត្រីខ្មែរ-ឥស្លាម ប្រើប្រាស់នូវឯកសណ្ឋានឥស្លាម ដូច្នេះគឺអាចជួយស្ត្រីឥស្លាមមានឱកាសទទួលបានការងារធ្វើគ្រប់ទីកន្លែង ព្រោះស្ត្រីឥស្លាមបាននិងកំពុងបម្រើការងារនៅវិស័យកាត់ដេរ វិស័យធនាគារ និងវិស័យផ្សេងៗទៀតផង ។
សម្តេចបានពន្យល់ថា ព្រោះនេះជាប្រពៃណីដែល «មិនអាចបង្ហាញស្លឹកត្រចៀក ក.អីបាន ព្រោះវាបាប» ។ សម្តេចក៏បានបញ្ជាឲ្យរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពិភាក្សាជាមួយក្រុមហ៊ុននានា ដើម្បីផ្តល់ឱកាសស្ត្រីឥស្លាមមានការងារធ្វើ ហើយនេះជាការផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋទាំងអស់ មិនថា ជនជាតិណានោះទេ ៕