សម្ដេចតេជោ ៖ ប្រាក់ខែកម្មករកម្មការិនីឆ្នាំក្រោយមិនអាចតិចជាង១៦០ដុល្លារឡើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ កញ្ញា ២០១៧) ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ សម្ដេចតេជោ បានលើកឡើងថា ប្រាក់ខែគោលរបស់កម្មករ កម្មការិនីនៅឆ្នាំ២០១៨ មិនត្រូវទាបជាង ១៦០ដុល្លារនោះឡើយ ហើយប្រាក់ខែនេះ ត្រូវដំឡើងជារៀងរាល់ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រប់ភាគីដែលកំពុងចរចារឿងប្រាក់ឈ្នួលរបស់កម្មករ ត្រូវចរចាដោយស្មារតីទទួលខុសត្រូវមិនមែនចរចាដើម្បីកេងចំណេញ ប្រជាប្រិយភាពពីកម្មករនោះឡើយ។
សម្តេចតេជោ ក៏បានរំលឹកដល់កម្មករ កម្មការិនីដែលចូលរួមក្នុងឱកាសនេះដែរថា អ្វីៗដែលកម្មករកម្មការិនីកំពុងទទួលបាននេះមិនមែនកើតឡើងដោយឯក ឯង ដោយទេវតាប្រទាន ឬដោយបក្សប្រឆាំងនោះទេគឺបានមកដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ កម្មការិនី៕