អ្នកនាំពាក្យ​ ៖ អវត្តមាន​លោក កឹម សុខា មិន​ប៉ះពាល់​សវនាការ​នោះទេ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៥ កញ្ញា ២០១៧) ៖ លោក ទូច ថា​រិ​ទ្ធិ អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា បើ​គ្មាន​វត្តមាន​ជន​ត្រូវ​ចោទ កឹម សុខា ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ ព្រោះ​ជា​សវនាការ​មុន​អង្គសេចក្តី​ពោលគឺ​ការសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។ ការ​ថ្លែង​បែបនេះ បន្ទាប់ពី​ក្រុម​មេធាវី​លោក កឹម សុខា បានដាក់​ពាក្យស្នើសុំ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ឲ្យ​មាន​វត្តមាន​ជន​ត្រូវ​ចោទ កឹម សុខា ក្នុង​សវនាការ​នា​ថ្ងៃស្អែក ។​

យោងតាម​លិខិត​ស្នើសុំ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​៧​រូប បញ្ជាក់ថា ក្រុម​មេធាវី ចង់ឱ្យមាន​វត្តមាន​លោក កឹម សុខា នៅ​ចំពោះមុខ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដោយបាន​លើក​ហេតុផល​សំខាន់​ចំនួន​៣​ចំណុច ដើម្បី​ចៀសវាង​ប៉ះពាល់​ផលប្រយោជន៍​ស្របច្បាប់​របស់​កូនក្ដី​។​

លោក ទូច ថា​រិ​ទ្ធិ អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បាន​ថ្លែង​បញ្ជាក់​ភ្លាមៗ ថា តាម​ស្មារតី​សាលាឧទ្ធរណ៍​គឺ​ចង់ឱ្យមាន​វត្តមាន​ជន​ត្រូវ​ចោទ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​សវនាការ នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា​ខាងមុខនេះ​។ ប៉ុន្តែ​ប្រសិនបើ​គ្មាន​វត្តមាន​ជន​ត្រូវ​ចោទ កឹម សុខា ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ ព្រោះ​ជា​សវនាការ​មុន​អង្គសេចក្តី ពោលគឺ​ការសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​

លោក ទូច ថា​រិ​ទ្ធិ សង្កត់ធ្ងន់ថា ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ សុវត្ថិភាព របស់​ជន​ត្រូវ​ចោទ កឹម សុខា គឺជា​សមត្ថកិច្ច​របស់​អគ្គនាយក​ពន្ធនាគារ ជា​អ្នកទទួលខុសត្រូវ ហើយ​ការសួរដេញដោល​នេះ​គឺ​ពុំ​ចាំបាច់​ចំពោះមុខ​ទេ ដែល​អាចឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ អាច​សម្រេច​អំពី​ការឱ្យ​នៅក្រៅ​ឃុំ ឬ​មិនឱ្យ​នៅក្រៅ​ឃុំ​បាន ៕

4

Related Articles

Back to top button
Close
Close