បើ​ដក​រមណីយដ្ឋាន​បូកគោ​​​ពី​ក្រុមហ៊ុនឯកជន​ កម្ពុជា​នៅ​តែ​កម្ពុជា

Column
ដោយ ឆាយ សុផល

រឿងរ៉ាវទាក់ទិននឹងរមណីយដ្ឋានបូកគោនាពេលថ្មីៗនេះ ខ្ញុំមិន​បាច់​រាយ​រាប់​នោះ​ទេ គឺពលរដ្ឋខ្មែរនិងបរទេសជាច្រើនបានដឹងរួចមកហើយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​អត្ថា​ធិប្បាយក្នុងអត្ថបទ Column នេះគឺ៖

ឆាយ សុផល (Chhay Sophal)
ឆាយ សុផល (Chhay Sophal)

ទាញ​យក​បទ​ពិសោធន៍​នៃ​ការ​គ្រប់​គ្រង​ប្រាក់​ចំណូល​ចូល​ជាតិ​នៅ​តំបន់​ប្រាសាទ​អង្គរ​​រវាង​ក្រុម​ហ៊ុន​ឯកជន និង​​រដ្ឋ នោះ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​​អាច​​ពិចារ​ណា​​ទាញ​​​យក​​តំបន់ ប្រវត្តិ​សាស្រ្ត​បូកគោ​​នៃ​​យើង​​ចេញ​​ពី​​ក្រុម​​ហ៊ុន​ឯក​ជន​មក​វិញ​បាន​​ដោយ​មិន​លំបាក។

ជា​​ការ​ពិត​ណាស់ដែល​ថា នោះ​អាច​​ជា​ការ​លំបាក​​ខ្លះ​​សម្រាប់​​រាជ​​រដ្ឋា​ភិ​បាល​​ក្នុង​​ការ​ដក​យក​មក​វិញ នេះ​ក៏ដោយ​​សារ​​តែ​គោល​​នយោ​បាយ​​ទាក់​​ទាញ​​វិនិ​យោគ​​របស់​​ខ្លួន ប៉ុន្តែ​បើ​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​បង្ក​បញ្ហា​ចលាចល​​ផ្នែក​ទស្សនៈ​ផ្អើល​ពេញ​ផ្ទៃ​នគរ ហើយ​ធ្វើឲ្យ​រាជ​រដ្ឋាភិបាល​ និង​អាជ្ញាធរមូលដ្ឋាន​​វ៉ល់​​ដោយ​សារតែទស្សនៈ​នេះ នោះ​​ការ​ដក​​យក​​ការ​គ្រប់​គ្រង​មកវិញ ពិតជា​គ្មាន​ការ​ជំទាស់​ពី​មហាជន​ឡើយ។ ម្យ៉ាង​ទៀត នៅ​​លើ​តំបន់​កំពូលភ្នំបូក​គោនេះ​ក៏​ធ្លាប់​មាន​បញ្ហា​ជាបន្ត​​បន្ទាប់​ដែល​ទាំង​សារព័ត៌មាន និងអ្នកប្រើបណ្តាញសង្គមហ្វេប៊ុកបានផ្សាយ​​​​ពី​​រឿង​​ការ​ប្រារព្វ​ពិធី​​សាសនា​របស់ជនជាតិវៀតណាមផងដែរ បើទោះជា​គោល​នយោ​បាយ​របស់​រាជ​​រដ្ឋា​ភិបាល​មិនប្រកាន់ពូជសាសន៍ និង​សាសនាក៏ដោយ។

មន្រ្តី​រាជការ​របស់​យើង​នាពេល​បច្ចុប្បន្ន​ពិត​ជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់​​គ្រង ហើយដោយមាន​ការ​​តាមដាន​ពី​អង្គភាពប្រឆាំង​អំពើពុក​រលួយ​ទៀត នោះ​​​មន្រ្​តីរាជការ​របស់​យើង​ពិត​ជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ក្នុង​ការ​​ទទួល​ខុស​ត្រូវ​​​ចំពោះ​​មុខងារ​របស់​ខ្លួន ក្នុង​ក្រប​ខ័ណ្ឌ​កំណែ​ទម្រង់​របស់រាជរដ្ឋាភិបាល។
ចំណែក​​ឯ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​ចំណាយ​ថវិកា​ជួស​ជុល និងកែ​លម្អផ្លូវ ព្រម​ទាំង​​បរិវេណ​ខ្លះចាប់​ពី​ជើង​ភ្នំរហូត​ដល់​កំពូល​ភ្នំ រាជរដ្ឋា​ភិបាល​​អាច​​សង​សំណង​វិញ​តាម​ដំណាក់កាល ទៅ​តាម​លទ្ធភាព​ដែលខ្លួនអាចធ្វើបាន ខណៈ​​ដែល​សណ្ឋា​គារ និង​កាស៊ីណូ​របស់ក្រុមហ៊ុនឯកជននោះ ទុកឲ្យ​គេ​គ្រប់​គ្រង​​ដោយ​ខ្លួន​ឯង​ជា​ធម្មតា មិនចាំបាច់ដកមកវិញ​នោះទេ។
ពិត​ជាមិនអាចប្រកែកបាន​ទេដែលថា ការដក​តំបន់ប្រវត្តិសាស្រ្តបូកគោចេញ​ពី​ក្រុម​​ហ៊ុន​ឯកជនគឺរាជរដ្ឋាភិបាល​អាច​ខាតបង់ខ្លះ​លើ​គោល​នយោ​បាយ​ទាក់​ទាញ​​វិនិយោគ​របស់​ខ្លួន ប៉ុន្តែវាក៏ហេតុផលមួយ ក៏ដូច​ជា​ការ​ព្រមាន​ដល់​ក្រុម​ហ៊ុន​ឯកជន​ទាំង​​ឡាយ​ដែលទទួលបានការអនុញ្ញាតិ​ពីរាជរដ្ឋាភិបាលនិងកំពុង​ធ្វើ​ធុរកិច្ច​​នៅ​កម្ពុជា បែរជា​ធ្វើ​ព្យុះ​ភ្លៀង​គ្រប់​រដូវ​កាល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្តៅ​ក្រហល់​ក្រហាយ តែបែរ​ជាមួម៉ៅនឹងរាជរដ្ឋាភិបាល ដូចពាក្យខ្មែរពោលថា “ខឹង​គោ វ៉ៃរទេះ”។
សរុបមកវិញ បើអាចដកបាន ក៏ដកទៅ ទុកនាំឲ្យសៅហ្មងធ្វើអ្វី! កន្លងមក តំបន់​ប្រា​សាទ​អង្គរ ផ្លូវជាតិលេខ៤ ផ្លូវ២០០៤ និងផ្លូវវេងស្រេង ព្រមទាំងតំបន់​ខ្លះ​ទៀត រាជរដ្ឋាភិបាលអាចដកចេញបានពីក្រុមហ៊ុនឯកជន ហេតុនេះ​ ការដក​តំបន់​​ប្រវត្តិ​សាស្រ្តបូកគោចេញ​មួយទៀត​ពីក្រុមហ៊ុនដែលបង្កបញ្ហា ក៏មហាជន​មិន​​អន់​ចិត្តដែរ ហើយរឹតតែសាទរចំពោះសុភវិនិច្ឆ័យរបស់ថ្នាក់​ដឹកនាំ​នៃ​រាជ​រដ្ឋា​ភិបាល​ថែមទៀត។
សម្រាប់ខ្ញុំ ទោះជាដកឬមិនដក ខ្ញុំ​នៅតែមានជំនឿលើថ្នាក់​ដឹក​នាំ​កំពូល​នៃ​រាជ​រដ្ឋា​ភិបាល​ចំពោះ​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹមត្រូវ ដោយទទួលផលទាំងសងខាង ឬហៅថា “យុទ្ធសាស្រ្តឈ្នះឈ្នះ” ដែលរាជរដ្ឋាភិបាលធ្លាប់ធ្វើកន្លងមក៕

Related Articles

Back to top button
Close
Close