ភ្លើងឆេះព្រៃវាយប្រហារលើតំបន់ភ្នំ Verdugo នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា
សារព័ត៌មាន Cambodia News/
កាលីហ្វ័រញ៉ា (០៤ កញ្ញា ២០១៧) ៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Edmund G. Brown Jr បាននិយាយថា ភ្លើងឆេះព្រៃ La Tuna fire បាននិងកំពុងវាយប្រហារលើតំបន់ Verdugo ក្នុងតំបន់ Los Angeles County តាំងតែពីថ្ងៃទី០១ ខែកញ្ញា មកម្ល៉េះ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយបានបំផ្លាញព្រៃឈើរាប់រយហិកតា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកនេះ។
លោក Brown បានលើកឡើងថា «ភ្លើងឆេះព្រៃ La Tuna fire បានចាប់ផ្ដើមឆាបឆេះក្នុងតំបន់ Los Angeles County តាំងតែពីថ្ងៃទី០១ ខែកញ្ញា មកម្ល៉េះ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយវាបានឆាបឆេះយ៉ាងរហ័ស ព្រមទាំងបានបំផ្លាញព្រៃឈើរាប់រយហិកតា… ដូច្នេះខ្ញុំសម្រេចចិត្តដាក់តំបន់នេះ ក្នុងភាពប្រកាសភាពអាសន្ន»។ លោកបញ្ជាក់ផងដែរថា ភ្លើងឆេះព្រៃនេះកំពុងរីករាលដាលទៅតំបន់ក្បែរផ្លូវមួយចំនួន រីឯសីតុណ្ហភាពឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។
ជាមួយគ្នានេះក្រុមអ្នកពន្លត់អគ្គិភ័យ ១,០០០នាក់ បានចូលរួមពន្លត់ភ្លើងឆេះព្រៃ La Tuna fire ដែលបានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៥,៨៩៥ហិកតា ក្នុងតំបន់ Los Angeles County។ ទោះបីយ៉ាងណារហូតមកទល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ ឬក៏រងរបួសនៅឡើយទេ៕