ស្នាដៃ ដែលអាមេរិកបន្សល់ទុកសំរាប់កម្ពុជានាទស្សវត្សឆ្នាំ១៩៧០
ភ្នំពេញ (២៤ សីហា ២០១៧) ៖ ស្ថានទូតអាមេរិកគួរចំណាយពេលវេលារបស់ខ្លួនដើម្បី ដើរសាកសួរប្រជាពលរដ្ឋកម្ពុជា តើពួកគាត់ស្គាល់គ្រាប់បេ ៥២ ទេ ? ស្គាល់អាចានស្រាក់ទេ ? ហើយដើរមើលរណ្តៅជាច្រើននៅទូទាំងប្រទេស តើរណ្តៅទាំងនោះជារណ្តៅអ្វី ?។
ប្រជាជនកម្ពុជាដែលធ្លាប់បានរត់គេចគ្រាប់បែកទម្លាក់របស់អាមេរិកកាលពីឆ្នាំ១៩៧០ មកដល់ពេលនេះនៅមិនទាន់ស្លាប់អស់នៅឡើយទេ ពួកគាត់នេះហើយដែលនៅជាសាក្សីប្រវត្តិសាស្ត្រនៃចងចាំចំពោះសកម្មភាពបង្កវិនាសសកម្មរបស់អាមេរិក ។
ប្រសិនបើអាមេរិកមិនធ្វើជាខ្នងបង្អែកអោយក្រុមលោកលន់នុលទេក៏គ្មានរដ្ឋប្រហារសម្តេចព្រះនរោត្តមសីហនុថ្ងៃ១៨មិនាឆ្នាំ១៩៧០នាំភ្លើងសង្គ្រាមអោយឆាបឆេះនៅកម្ពុជានិងឈានទៅមានរបបប្រល័យពូជសាសន៍ដែរ។ នេះគឺជារឿងស្ថានទូតអាមេរិកត្រូវដឹង។ ក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលសង្គ្រាម តម្រូវការចំបងរបស់ប្រជាពលរដ្ឋគឺសន្តិភាព ។ ពេលមានសន្តិភាព គឺត្រូវការ ការពារសន្តិភាពអោយមាននិរន្តរភាពជានិរន្តន៍ នេះគឺជាអ្វីដែលប្រជាជនកម្ពុជាត្រូវតែធ្វើ ៕