ក្រុមយុវជនស្រឡាញ់សន្តិភាពនៅទូទាំងប្រទេសព្រមានធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ សីហា ២០១៧) ៖ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញប្រកាសប្រតិកម្មខ្លាំងៗ នៅរសៀលថ្ងៃទី២៣ ខែសីហាមកលើរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញការបិទ និងបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ NDI ដែលបានប្រព្រឹត្តិល្មើសច្បាប់នៅកម្ពុជា។
ក្រោយប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រុមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ដែលមានគ្រប់សាខាទូទាំងប្រទេស ប្រកាសព្រមានធ្វើបាតុកម្មនៅមុខ ស្ថានទូតអាមេរិក ប្រសិនបើបន្តលូកដៃចូលកិច្ចការកម្ពុជាមិនបញ្ឈប់នោះ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា មូលដ្ឋានដែលឈានដល់ការសម្រេចឱ្យបិទវិទ្យាស្ថាននេះ គឺអនុលោមទៅតាមច្បាប់ស្តីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលនៅកម្ពុជា។
ក្រសួងអះអាងថា ចាប់តាំងពីច្បាប់នេះ ចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ អង្គការ NDI បានធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់អង្គការនេះបានដាក់ពាក្យស្នើចុះបញ្ជីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ អំឡុងពេលរង់ចាំការសម្រេចរបស់ក្រសួង លើពាក្យស្នើសុំនេះ អង្គការ NDI នៅតែបន្តសកម្មភាពរបស់ខ្លួនដោយ គ្មានគិតគូរអំពីការគោរពច្បាប់សោះឡើយ៕