ប្រជាជាតិទាំងមូលគាំទ្រសម្តេចតេជោ ក្រោយពេលឡាវដកទ័ពគ្មានសល់ពីចំណុចអូរអាឡៃ និងអូរតាង៉ាវ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ សីហា ២០១៧) ៖ លោកនាយករដ្ឋមន្ត្រីឡាវ ថោងលន់ ស៊ីស៊ូលីត នៅព្រឹកថ្ងៃ១២ ខែសីហា បានប្រកាសដោយមិនរារែកពីការយល់ព្រមដកកងទ័ពចេញពីទឹកដីកម្ពុជាឱ្យអស់ មិនហួសព្រឹកថ្ងៃអាទិត្យទី១៣ ខែសីហា ។ ការថ្លែងអះអាងយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីរួមគ្នាមួយ កាលពីព្រឹកថ្ងៃ១២ សីហា ក្នុងទីក្រុងវៀងចន្ទន៍ នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអញ្ជើញទៅកាន់ប្រទេសឡាវភ្លាមៗ ដើម្បីដោះស្រាយបញ្ហាកងទ័ពឡាវចូលមកកាន់កាប់ទឹកដីកម្ពុជានៅចំណុចអូរអាឡៃ និងអូរតាង៉ាវ ។
នៅក្នុងសន្និសីទសារព័ត៌មាននោះ លោកនាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់ពីមូលហេតុដែលលោកខកខានមិនបានដោះស្រាយបញ្ហាព្រំដែនជាមួយភាគីកម្ពុជាទាន់ពេលវេលា ដោយសារតែលោកមិនបានទទួលលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ញើទៅកាន់លោកកាលពីថ្ងៃទី២ ខែសីហា ។ យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលឡាវ បានអបអរសាទរចំពោះវត្តមានយ៉ាងបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីឡាវ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ។ តាមរយៈជំនួបទ្វេភាគី នេះ លោកថោងលន់ ស៊ីស៊ូលីត បានយល់ព្រមដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយសុំទុកពេលមួយថ្ងៃឱ្យកងកម្លាំងប្រមូលសម្ភារ ហើយចាកចេញឱ្យអស់យ៉ាងយូរត្រឹមព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការសាទរនិងអរគុណលោកនាយករដ្ឋមន្ត្រីឡាវ ដែលបានយល់ព្រមដកទ័ពចេញពីតំបន់អូរអាឡៃ និងតំបន់អូរតាង៉ាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីសម្រួលស្ថានការណ៍វិញ ។ សម្តេចតេជោ ក៏បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធខ្មែរដែលបានចល័តទៅកាន់តំបន់ក្តៅ ហើយដែលចេញពីបន្ទាយនៅយប់ថ្ងៃ១១ ខែសីហា ឱ្យវិលត្រឡប់ចូលមូលដ្ឋានវិញ ។ ចំណែកកម្លាំងដែលឈរជើងនៅតំបន់ជម្លោះ ក៏ត្រូវដកថយមកវិញជាបណ្តោះអាសន្នដែរ៕