រុស្ស៊ីបញ្ឈប់ការហោះហើរទៅកាន់ប្រទេសស៊ីរី
មកទល់ឥឡូវ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Aeroflot តែងបានធ្វើការហោះហើរជារឿយៗ ពីក្រុង Moscou ត្រង់ភ្លឹង ទៅកាន់ក្រុង Damas រដ្ឋធានីស៊ីរី ដល់ទៅ២ជើង ក្នុងមួយសប្តាហ៍ តាមយន្ត ហោះម៉ាក Airbus-A320។ ប៉ុន្តែ តាមសម្តីលោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនស៊ីរី Mahmud Said ការនេះ មិនមែនមានន័យថា រវាងរុស្ស៊ី និងស៊ីរី លែងមានជើងយន្តហោះ ហោះហើរជារឿយៗទៀតឡើយ។ គ្រាន់តែការហោះហើរ ពីម៉ូស្គូទៅកាន់ក្រុងដាម៉ាសនឹងបន្តប្រព្រឹត្តទៅ តាមរយៈក្រុមហ៊ុនអាកាស ចរណ៍ផ្សេង ដែលតម្រូវឲ្យអ្នកដំណើរប្តូរជើងយន្តហោះម្តងឬ២ដង ទម្រាំទៅដល់ក្រុងដាម៉ាស ក្រោយពីចេញពីម៉ូស្គូទៅ។ លោក Mahmud Said ក៏ចង្អុលឲ្យឃើញដែរថា សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌនៃទណ្ឌកម្មប្រឆាំងស៊ីរី ហាមមិនឲ្យយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ស៊ីរី Syrian Air ចុះចត នៅតាមអាកាសយានដ្ឋាន ទាំង២៧ប្រទេស ដែលជាសមាជិកសហភាពនេះ។ ម្យ៉ាងទៀត ដោយមកពីស្ថានការណ៍តានតឹងខ្លាំង ពោរពេញទៅដោយគ្រោះថ្នាក់ក្នុងប្រទេសស៊ីរី ក្រុមហ៊ុន អាកាសចរណ៍ប្រទេសអឺរ៉ុបជាច្រើន ក៏ឈប់ធ្វើការហោះហើរទៅកាន់ប្រទេសស៊ីរីដែរ។ ចំណែកក្រុម ហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ដោយប្រកាសអំពីការសម្រេចចិត្តបញ្ឈប់ ការហោះហើរ ពីម៉ូស្គូទៅ ក្រុងដាម៉ាសក៏រំលឹកដែរថា នាពេលចុងក្រោយ តែងមានអ្នកដំណើរជិះពេញៗ ក្នុងយន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ស៊ីរី Syrian Air ដែលហោះពីក្រុងដាម៉ាស មកម៉ូស្គូ។ ទាក់ទងនឹងជើងយន្ត ហោះពីស៊ីរី មកម៉ូស្គូ កាសែតរុស្ស៊ី Kommersant លេខថ្ងៃនេះ ព្រួយបារម្ភ អំពីជាតិរុស្ស៊ី ដែលសព្វថ្ងៃ រស់នៅទាំងហែហមទៅដោយហានិភ័យសម្រាប់ជីវិតខ្លួន។ ប៉ុន្តែ តាមព័ត៌មានទទួលបានដោយ កាសែតនេះ រដ្ឋអំណាចរុស្ស៊ីមិនប្រញាប់ប្រញាល់នឹងជម្លៀសជនរួមឈាមខ្លួន ចេញពីប្រទេសស៊ីរី ដែលកំពុងឆាបឆេះដោយភ្លើងសង្គ្រាមឡើយ។ ស្ថានទូតរុស្ស៊ី នៅក្រុងដាម៉ាស បានឲ្យដឹងថា បច្ចុប្បន្ន ចុះឈ្មោះក្នុងបញ្ជីស្ថានទូត ជាពលរដ្ឋរុស្ស៊ី រស់នៅក្នុងប្រទេសស៊ីរី ដែលជំនិតនឹងរុស្ស៊ី គឺមានជាតិរុស្ស៊ី ដល់ទៅ១ម៉ឺននាក់។ ជាការកត់សម្គាល់ ក្រុមហ៊ុន Aeroflot ដែលមានយន្តហោះ ចំនួន១២២គ្រឿងធុន Boeing និង Airbus ក្នុងឋានៈជាក្រុមហ៊ុនអាកាសចរណ៍ ធំជាងគេនៅអឺរ៉ុប ខាង កើត សព្វថ្ងៃធ្វើការហោះហើរ ទៅកាន់ ៥៤ប្រទេស នៃគ្រប់ទ្វីបទាំងអស់៕ដោយ កែវ ឆាយា (RFI)