ធី សុវណ្ណថា នឹងរៀបចំជប់លៀងជូនសមាជិក ទាំង៧១ឃុំ-សង្កាត់ដែលបានជាប់ឆ្នោត
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ កញ្ញាធី សុវណ្ណថា បានអះអាងលើទំព័រហ្វេសប៊ុករបស់នាងថា “អបអរសាទរក្នុងចំណោម១០០ឃុំ-សង្កាត់ ដែលនាងខ្ញុំបានរៀបចំវេទិកា និងបានរៀបចំសមាជិកគាំទ្រ(CPP ឈ្នះ ៧១ឃុំ-សង្កាត់)។ ខ្ញុំនឹងរៀបចំជប់លៀងជូនសមាជិក ទាំង៧១ឃុំ-សង្កាត់”នោះ។
គួរបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្របក្សសង្គ្រោះជាតិដ៏ល្បាញល្បី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ បានដឹកនាំក្រុមយុវជនជាង១០ម៉ឺននាក់ ទូទាំងប្រទេសប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយតាមលិខិតស្នើសុំ ដែលផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថានាងបានស្វែងយល់ការពិតពីស្ថានភាពពិតនៃប្រទេសកម្ពុជា មានសុខសន្ដិភាព កំណែទម្រង់ល្អ និងមានភាពរីកចម្រើនកាន់តែប្រសើរ ពិសេសគឺគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេច មានគោលនយោបាយល្អ ច្បាស់លាស់ និងបានកែប្រែជីវភាពប្រជាជនឲ្យកាន់តែរីកចម្រើនឡើង៕